ម៉ាឡេស៊ីរំពឹងថា ការវិនិយោគផ្ទាល់បរទេសពីប្រទេសជប៉ុន នឹងមានលើសពី ៦ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំនេះ

0

បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងសមភាគីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា បានធ្វើជាសហប្រធាននៃសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងពុត្រាចាយ៉ា នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៥ ខែវិច្ឆិកា។

លោក អ៊ីប្រាហ៊ីម បាននិយាយថា ប្រទេសម៉ាឡេស៊ីមានសុទិដ្ឋិនិយមថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុននឹងមានលើសពី ៣០ប៊ីលានរីងហ្គីត (៦,៣៣ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំ២០២៣ ដែលជាសញ្ញាបង្ហាញអំពីទំនុកចិត្តមិនផ្លាស់ប្តូររបស់វិនិយោគិនជប៉ុនចំពោះប្រទេសម៉ាឡេស៊ី។

មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ការពារជាតិ និងសន្តិសុខ សន្តិសុខថាមពល និងការផ្លាស់ប្តូរថាមពល។

ទាក់ទិននឹងទំនាក់ទំនងនៃកិច្ចសន្ទនាអាស៊ាន-ជប៉ុន ប្រទេសម៉ាឡេស៊ីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសជប៉ុនក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់អាស៊ាន។ ប្រទេសទាំងពីរបានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន-ជប៉ុន ឆ្ពោះទៅរកខួបលើកទី៥០ របស់ខ្លួននៅក្នុងខែធ្នូខាងមុខ។

លោក ហ្វ៊ូមីអូ បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៤-៥ ខែវិច្ឆិកា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះ ចាប់តាំងពីលោកចូលកាន់តំណែងកាលពីក្នុងខែតុលា ឆ្នាំ២០២១ មក៕

ប្រភព៖ AKP