ថៃ និងកូរ៉េខាងត្បូង ដោះស្រាយបញ្ហាទិដ្ឋាការ

0

បរទេស៖ ប្រទេសថៃ និងកូរ៉េខាងត្បូង បានប្តេជ្ញាដោះស្រាយកង្វល់របស់ពួកគេទាក់ទងនឹងវិស័យទេសចរណ៍ និងបញ្ហាពលករខុសច្បាប់។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងលេខាធិការអចិន្ត្រៃយ៍កិច្ចការបរទេសរបស់ប្រទេសថៃ លោក សារ៉ាន់ ចារើនស៊ូវ៉ាន់ និងអនុរដ្ឋមន្ត្រីការបរទេសទី១ របស់កូរ៉េខាងត្បូង លោក ចាង ហូជីន កាលពីសប្តាហ៍មុន មន្ត្រីកូរ៉េបាននិយាយថា ខ្លួនសោកស្តាយណាស់ដែលមន្ត្រីអន្តោប្រវេសន៍របស់ខ្លួនបានបដិសេធមិនឱ្យភ្ញៀវទេសចរថៃចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោក​បាន​ពន្យល់​ថា ភាព​តឹងរ៉ឹងនៃច្បាប់​អាច​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​មន្ត្រី​មួយ​ចំនួន ប៉ុន្តែ​លោក​បាននិយាយ​បន្ថែម​ថា ប្រទេស​នេះ​មិន​មាន​គោលការណ៍​ណា​មួយ​ក្នុង​ការ​រារាំង​ភ្ញៀវទេសចរ​ថៃ​មិនឱ្យ​ចូល​ប្រទេស​ឡើយ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ខណៈដែលមានការបង្ហោះនៅលើបណ្តាញសង្គមអ៊ិច (ពីមុនត្រូវបានគេស្គាល់ថាជា ធ្វីតធើរ) នៅពាក្យ #BanTravellingtoKorea (ជាភាសាថៃ) ដែលមានន័យថា ហាមប្រាមមិនធ្វើដំណើរទៅប្រទេសកូរ៉េ បន្ទាប់ពីអ្នកនិយមលេងអ៊ីនធើណេតថៃជាច្រើនរួមទាំងអ្នកមានឥទ្ធិពល និងតារាចម្រៀងផងដែរនោះ បានចែករំលែកបទពិសោធន៍របស់ពួកគេចំពោះមន្ត្រីអន្តោប្រវេសន៍កូរ៉េដែលមិនព្រមឱ្យពួកគេចូលទៅក្នុងប្រទេសនោះ។

ពាក្យដែលបង្ហោះនោះ បានធ្វើឱ្យគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ប្រចាំសប្តាហ៍ បន្ទាប់ពីអ្នកដំណើរម្នាក់បានអះអាងថា នាងបានទៅប្រទេសកូរ៉េខាងត្បូងចំនួន ៤ដង ប៉ុន្តែត្រូវបានច្រានចោលចំពោះការធ្វើដំណើរលើកចុងក្រោយរបស់នាង បើទោះបីជានាងមានសំបុត្រយន្តហោះត្រឡប់ទៅប្រទេសថៃវិញ ក៏ដូចជាកម្មវិធីដំណើរកម្សាន្ត និងការកក់សណ្ឋាគាររួចហើយក៏ដោយ។

ការបង្ហោះរបស់នាងនៅថ្ងៃទី២៤ ខែតុលា ទទួលបានការចូលមើលជាង ៩,២លានដង និងមានការបង្ហោះឡើងវិញចំនួន ២២.០០០ដង ហើយត្រូវបានតាមដានដោយការបង្ហោះពីជនជាតិថៃផ្សេងទៀតដែលមានបទពិសោធន៍ដូចៗគ្នា។

អ្នកការទូតកូរ៉េបាននិយាយថា លោកមានការសោកស្តាយចំពោះហេតុការណ៍បែបនេះ ហើយលោកមិនចង់ឱ្យប៉ះពាល់ដល់ការយល់ឃើញរបស់បុគ្គល ឬទំនាក់ទំនងការទូតរបស់ប្រទេសនោះទេ៕

ប្រភព៖ AKP