បរទេស៖ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងលេខាធិការអចិន្ត្រៃយ៍កិច្ចការបរទេសរបស់ប្រទេសថៃ លោក សារ៉ាន់ ចារើនស៊ូវ៉ាន់ និងអនុរដ្ឋមន្ត្រីការបរទេសទី១ របស់កូរ៉េខាងត្បូង លោក ចាង ហូជីន កាលពីសប្តាហ៍ ភាគីកូរ៉េខាងត្បូងបាននិយាយថា ក្រសួងការបរទេសកូរ៉េខាងត្បូង បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីអនុវត្តចំពោះជនជាតិថៃដែលធ្វើការងារដោយខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
វិធានការទាំងនោះ រួមមានកម្មវិធីចាកចេញដោយស្ម័គ្រចិត្ត ដែលអនុញ្ញាតឱ្យពលករខុសច្បាប់បង្ហាញខ្លួនដល់អាជ្ញាធរកូរ៉េខាងត្បូង មុនពេលបញ្ជូនត្រឡប់ទៅប្រទេសថៃវិញដោយមិនជាប់ក្នុងបញ្ជីខ្មៅ។ វិធានការមួយទៀត គឺកូតាប្រព័ន្ធអនុញ្ញាតការងារ (EPS) ដែលអនុញ្ញាតឱ្យពលករថៃចំនួន ៤.៨០០នាក់ធ្វើការនៅទីនោះដោយស្របច្បាប់ជារៀងរាល់ឆ្នាំ។
ប្រទេសទាំងពីរបានព្រមព្រៀងគ្នាធ្វើសន្និសីទយុទ្ធសាស្ត្រកុងស៊ុល ដើម្បីធ្វើការទៅលើបញ្ហានេះបន្ថែមទៀត។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ភីផាត់ រ៉ាត់ចាគីតប្រាកាន បានផ្ញើសេចក្តីជូនដំណឹងមួយទៅកាន់នាយកដ្ឋានទេសចរណ៍ និងសមាគមភ្នាក់ងារទេសចរណ៍ថៃ (TTAA) ដើម្បីបន្លាចដល់ទីភ្នាក់ងារនានាក្នុងការអនុញ្ញាតឱ្យជនជាតិថៃធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោកបាននិយាយថា ក្រសួងបានប៉ាន់ប្រមាណថា ពលករថៃប្រហែល ១០០.០០០នាក់បានធ្វើការងារដោយខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង បើធៀបទៅនឹងពលករថៃចំនួន ៩៣.១១៨នាក់ ដែលបានទទួលការងារតាមរយៈប្រព័ន្ធ EPS របស់រដ្ឋាភិបាល៕
ប្រភព៖ AKP