នាយករដ្ឋមន្ត្រីសិង្ហបុរីប្រកាសអំពីពេលវេលាក្នុងការផ្ទេរតំណែងភាពជាអ្នកដឹកនាំ

0

បរទេស៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បាននិយាយកាលពីថ្ងៃទី០៥ ខែវិច្ឆិកាថា លោកនឹងផ្ទេរតំណែងភាពជាអ្នកដឹកនាំទៅឱ្យឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេនស៍ វ៉ុង មុនពេលការបោះឆ្នោតជាសកលបន្ទាប់ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។

ការ​ប្រកាស​នេះ​ត្រូវ​បានធ្វើឡើង​នៅ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​គណបក្ស​សកម្មភាព​ប្រជាជន (PAP) ដែល​កំពុង​កាន់​អំណាច ​នៅឯពិធី​ពិព័រណ៍​សិង្ហបុរី។ មេដឹកនាំរូបនោះក៏បាននិយាយផងដែរថា ការផ្ទេរនោះនឹងត្រូវធ្វើឡើងមុនថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំរបស់គណបក្ស PAP នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រសិនបើអ្វីៗដំណើរការទៅបានល្អ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកឧបនាយករដ្ឋមន្ត្រី វ៉ុង នឹងត្រូវបានគាំទ្រជាមេដឹកនាំនៃគណបក្ស PAP ជំនាន់ទី៤ ឬហៅថា 4G របស់ប្រទេសសិង្ហបុរីនៅក្នុងការបោះឆ្នោតជាសកលបន្ទាប់។

ជាមួយនឹងគណបក្ស PAP ដែលត្រូវបានព្យាករណ៍ដោយមតិសាធារណៈដើម្បីបន្តគ្រប់គ្រងការបោះឆ្នោតនោះ លោក វ៉ុង អាចនឹងក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់ប្រទេសសិង្ហបុរីចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៦៥។

លោក លី សៀនឡុង បានធ្វើជានាយករដ្ឋមន្ត្រីសិង្ហបុរីតាំងពីឆ្នាំ២០០៤។ លោក គឺជាកូនប្រុសច្បងរបស់ស្ថាបនិកសិង្ហបុរី លោក លី ក្វាន់យូ ហើយក៏ជាអគ្គលេខាធិការនៃគណបក្ស PAP ដែលជាគណបក្សកាន់អំណាចដែលបានដឹកនាំប្រទេសនេះតាំងពីឆ្នាំ១៩៦៥ មក។

នៅក្នុងឆ្នាំ២០២២ លោក លី បានប្រកាសថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ​ លោក វ៉ុង ដែលមានអាយុ ៥០ឆ្នាំ នឹងក្លាយជាអ្នកស្នងតំណែងរបស់លោក ហើយត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី៕

ប្រភព៖ AKP