ជំងឺបេះដូងបណ្តាលឱ្យស្លាប់មានអត្រាខ្ពស់បំផុតនៅម៉ាឡេស៊ីក្នុងឆ្នាំ២០២២

0

បរទេស៖ នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បានរាយការណ៍ថា ជំងឺបេះដូងបានក្លាយជាមូលហេតុចម្បងនៃការស្លាប់របស់ប្រជាជនម៉ាឡេស៊ីក្នុងឆ្នាំ២០២២។

នាយកដ្ឋាននោះបាននិយាយថា កាលពីឆ្នាំមុន ១៦,១% ដែលស្មើនឹង ២០៥.៥២៥នាក់នៃការស្លាប់របស់ប្រជាជននៅក្នុងប្រទេសម៉ាឡេស៊ី គឺបណ្តាលមកពីជំងឺបេះដូង។

នាយកដ្ឋាន DOSM បានកត់សម្គាល់ថា ជំងឺនេះជាមូលហេតុនាំមុខគេនៃការស្លាប់ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះនៅក្នុងប្រទេសម៉ាឡេស៊ី លើកលែងតែឆ្នាំ២០២១ នៅពេលដែលជំងឺកូវីដ-១៩ ជាប់ចំណាត់ថ្នាក់កំពូល។

ជំងឺរលាកសួត គឺជាមូលហេតុខ្ពស់បំផុតទីពីរនៃការស្លាប់ដែលមានចំនួន ១៣,៣% និងបន្ទាប់មកទៀត គឺជំងឺសរសៃឈាមខួរក្បាល ការឆ្លងជំងឺកូវីដ-១៩ និងគ្រោះថ្នាក់ចរាចរណ៍។

មូលហេតុចម្បងនៃការស្លាប់សម្រាប់ប្រជាជនដែលមានអាយុពី ៤១-៥៩ឆ្នាំ និង ៦០ឆ្នាំឡើងទៅ គឺជំងឺបេះដូង ដែលមានចំនួន ២០%  និង ១៦,៧% រៀងគ្នា។ គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុចម្បងនៃការស្លាប់សម្រាប់ប្រជាជនដែលមានអាយុពី ១៥-៤០ឆ្នាំ (១៩,២%) ខណៈដែលជំងឺរលាកសួត គឺជាមូលហេតុចម្បងនៃការស្លាប់សម្រាប់ប្រជាជនដែលមានអាយុពី ០-១៤ឆ្នាំ (៤%)។

យោងតាមនាយកដ្ឋាន DOSM បានឱ្យដឹងថា ការអនុវត្តរបៀបរស់នៅមិនល្អ និងរបបអាហារ គឺស្ថិតក្នុងចំណោមកត្តាដែលរួមចំណែកដល់ការស្លាប់ដោយសារជំងឺបេះដូងនាពេលបច្ចុប្បន្ននេះ។

នាយកដ្ឋាននោះបាននិយាយបន្ថែមថា ជំងឺមិនឆ្លងមួយចំនួនទៀត ដូចជាជំងឺសរសៃឈាមខួរក្បាល ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ក៏បណ្តាលមកពីការអនុវត្តបៀបរស់នៅមិនល្អ និងរបបអាហារផងដែរ៕

ប្រភព៖ AKP