បរទេស៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងនឹងយកពន្ធពីភ្ញៀវទេសចរបរទេសនៅក្នុងគោលដៅទេសចរណ៍អាទិភាពចំនួន៥។
អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត របស់ប្រទេសឥណ្ឌូណេស៊ី លោក វីនសេនស៊ីស ជេម៉ាឌូ បាននិយាយកាលពីថ្ងៃទី៣០ ខែតុលាថា នាពេលខាងមុខ ការយកពន្ធសម្រាប់វិស័យទេសចរណ៍អន្តរជាតិមិនត្រឹមតែត្រូវបានអនុវត្តនៅលើកោះបាលីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តនៅតាមគោលដៅទេសចរណ៍ទាំង៥ នៃបឹងតូបា (ខេត្តស៊ូម៉ាត្រាខាងជើង) ប្រាសាទបូរ៉ូប៊ូឌ័រ (ខេត្តកោះជ្វាកណ្តាល) តំបន់ម៉ាន់ដាលីកា (នៅខេត្តនូសាតេងហ្គារ៉ាខាងលិច) តំបន់ឡាប៊ូនបាចូ (នៅខេត្តនូសាតេងហ្គារ៉ាខាងកើត) និងតំបន់លីគូប៉ាង (នៅខេត្តកោះស៊ូឡាវេស៊ីខាងជើង)។
លោក វីនសេនស៊ីស បាននិយាយថា ពន្ធសម្រាប់ភ្ញៀវទេសចរបរទេសនឹងចាប់ផ្តើមអនុវត្តនៅកោះបាលីនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ ទិសដៅបន្ទាប់សម្រាប់ការអនុវត្តស្រដៀងគ្នានឹងត្រូវបានកំណត់ដោយផ្អែកទៅលើការវាយតម្លៃលើទិដ្ឋភាពបី គឺភាពអាចចូលទៅដល់បាន ភាពជាទីគាប់ចិត្ត និងភាពទាក់ទាញ។
មន្ត្រីរូបនេះបាននិយាយថា លោកជឿជាក់ថា ពន្ធចំនួន ១៥០.០០០រូពៀ (ប្រហែល ១០ដុល្លារអាម៉េរិក) សម្រាប់ភ្ញៀវទេសចរបរទេសនៅលើកោះបាលី ត្រូវបានចាត់ទុកថាជាគោលនយោបាយតម្រង់ទិសជាសកល ដូចដែលវាត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក ដោយប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលអនុវត្តវាតាមក្រោយបន្ទាប់។
លោក វីនសេនស៊ីស បានសង្កត់ធ្ងន់ថា ពន្ធលើវិស័យទេសចរណ៍គួរតែដើរទន្ទឹមគ្នាជាមួយនឹងការកែលម្អគុណភាពសេវាកម្ម និងសណ្ឋាគារ។ លោកក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា កោះបាលីនឹងក្លាយជាគំរូសម្រាប់តំបន់ទេសចរណ៍ផ្សេងទៀតក្នុងប្រទេសឥណ្ឌូណេស៊ី៕
ប្រភព៖ AKP