ឥណ្ឌូណេស៊ីចាប់ផ្តើមផ្តល់ជំនួយជាសាច់ប្រាក់ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត

0

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (ចូកីវី) បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ជំនួយជាសាច់ប្រាក់ដោយផ្ទាល់ ដើម្បីជួយដល់សហគមន៍ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូតអាកាសធាតុ អ៊ែលនីណូ។

ដូច្នោះហើយ កម្មវិធីជំនួយអ៊ែលនីណូ BLT ពាក់ព័ន្ធនឹងការទូទាត់សាច់ប្រាក់ចំនួន ៤០០.០០០រូពៀ (២៥ដុល្លារអាម៉េរិក) ក្នុងមួយគ្រួសារ ដោយត្រូវចែកចាយជាពីរដំណាក់កាល ជាមួយនឹងទឹកប្រាក់ ២០០.០០០រូពៀនៅដំណាក់កាលនីមួយៗសម្រាប់ខែវិច្ឆិកា និងខែធ្នូ។

កម្មវិធីជំនួយនេះមានថវិកាសរុបចំនួន ៧,៥២ទ្រីលានរូពៀ។ មូលនិធិនេះនឹងត្រូវបានចែកចាយដល់គ្រួសារក្រីក្រចំនួន ១៨,៨លានគ្រួសារ។

ក្រៅពីកម្មវិធីជំនួយអ៊ែលនីណូ BLT រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏នឹងពង្រីកការចែកចាយជំនួយអង្ករដល់គ្រួសារអ្នកទទួលផលចំនួន ២១,៣លាននាក់រហូតដល់ដំណាច់ឆ្នាំ២០២៣ ផងដែរ។ ជំនួយនេះមានអង្ករ ១០គីឡូក្រាមក្នុងមួយខែ ដែលបាននិងកំពុងអនុវត្តចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣។

សម្រាប់គម្រោងជំនួយអង្ករនេះ រដ្ឋាភិបាលបានបែងចែកថវិកាចំនួន ៨ទ្រីលានរូពៀ សម្រាប់ខែកញ្ញាដល់ខែវិច្ឆិកា និងបន្ថែមចំនួន ២,៦៧ទ្រីលានរូពៀ សម្រាប់ខែធ្នូ ឆ្នាំ២០២៣។

កន្លងមក ខ្លួនបានព្យាយាមនាំចូលអង្ករបន្ថែមចំនួន ១,៥លានតោន ដើម្បីដោះស្រាយស្ថានភាពប្រមូលផលមិនល្អដែលត្រូវបានរំពឹងទុកនៅទូទាំងប្រទេសឥណ្ឌូណេស៊ី៕

ប្រភព៖ AKP