សមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាមពង្រីកតួនាទីរបស់ខ្លួន

0

បរទេស៖ សមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាម (MVFA) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន (ACCI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយ កាលពីថ្ងៃទី៣១ ខែតុលា ដែលជាការកត់សម្គាល់នូវជំហានថ្មីឆ្ពោះទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការរវាងសមាគម និងសហគមន៍ធុរកិច្ចម៉ាឡេស៊ី។

ក្រោម MoU នេះ ប្រទេសហត្ថលេខីនឹងធ្វើការងាររួមគ្នាដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវប្បធម៌រវាងប្រទេសទាំងពីរ។ ពួកគេក៏នឹងសហការគ្នារៀបចំ និងចូលរួមព្រឹត្តិការណ៍រួមគ្នាមួយចំនួន ដូចជាសិក្ខាសាលា ពិព័រណ៍ពាណិជ្ជកម្ម និងការតាំងពិព័រណ៍ផងដែរ ដើម្បីលើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្ម និងស្នើឡើងនូវគំនិតផ្តួចផ្តើមដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចទ្វេភាគីបន្ថែមទៀត។

ប្រធានសភាពាណិជ្ជកម្ម ACCI លោក សូហៃនី ស្សាហាដាន់ បានសម្តែងក្តីសង្ឃឹមថា ដោយផ្អែកទៅលើ MoU ដែលត្រូវបានចុះហត្ថលេខានាពេលនេះ សភាពាណិជ្ជកម្ម ACCI និងសមាគម MVFA នឹងរួមដំណើរជាមួយនៅក្នុងព្រឹត្តិការណ៍នៃការតភ្ជាប់ពាណិជ្ជកម្ម។

ទន្ទឹមនឹងនោះដែរ ប្រធានសមាគម MVFA លោកស្រី ត្រាន់ ធីចាង បាននិយាយថា សមាគមរបស់លោកស្រីនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយអំពីផលិតផលវៀតណាមនៅក្នុងប្រទេសម៉ាឡេស៊ី និងជួយឧបត្ថម្ភសហគ្រាសវៀតណាមដែលកំពុងស្វែងរកឱកាសនាំចេញទំនិញទៅកាន់ប្រទេសនេះ។

ការចុះហត្ថលេខាលើ MoU នេះ ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃពិធីប្រកាសពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី-អាស៊ានឆ្នាំ២០២៤ (MASTEX 2024) ដែលនឹងរៀបចំឡើងដោយសភាពាណិជ្ជកម្ម ACCI នៅមជ្ឈមណ្ឌលពិព័រណ៍ និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី (MITEC) ចាប់ពីថ្ងៃទី២៣-២៦ ខែមករា ឆ្នាំក្រោយ។

សមាគម MVFA ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ហើយឥឡូវនេះមានសមាជិកចំនួន ២០០នាក់។ សមាគមនេះតំណាងឱ្យសហគមន៍វៀតណាមនៅក្នុងប្រទេសម៉ាឡេស៊ី និងការតភ្ជាប់សហគមន៍ជាមួយស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី៕

ប្រភព៖ AKP