បរទេស៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃចន្ទថា មន្ទីរពេទ្យតួកគីដែលមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងហ្គាហ្សា បានស្ថិតនៅក្រោមការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
ក្រសួងនោះបាននិយាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «មន្ទីរពេទ្យមិត្តភាពប៉ាឡេស្ទីន – តួកគីនៅតំបន់ហ្គាហ្សាបានស្ថិតនៅក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល»។ ទោះបីជាយ៉ាងណា ក៏ក្រសួងមិនបានបញ្ជាក់ថា តើមានអ្នកស្លាប់ដោយសារការវាយប្រហារនោះដែរឬក៏យ៉ាងណានោះទេ។
ភាពតានតឹងបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស់មកពីតំបន់ហ្គាហ្សាបានវាយប្រហារទឹកដីអ៊ីស្រាអែល។ ក្រុមហាម៉ាស់ចាត់ទុកការវាយប្រហាររបស់ខ្លួនថាជាការឆ្លើយតបទៅនឹងជំហានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅក្នុងទីក្រុងហ្សេរុយសាឡឹម។ អ៊ីស្រាអែលបានប្រកាសបិទច្រកហ្កាហ្សាទាំងស្រុង ហើយបានបើកការទម្លាក់គ្រាប់បែកលើតំបន់ព័ទ្ធជុំវិញ និងតំបន់មួយចំនួនក្នុងប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងតំបន់វេសប៊ែង។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ដានីញែល ហាហ្ការី បាននិយាយនៅពេលមុននេះថា កងទ័ពជើងគោករបស់ប្រទេសលោកកំពុងពង្រីកប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រភព៖AKP