ឡាវ និងថៃ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ

0

បរទេស៖ នាយករដ្ឋមន្ត្រីឡាវ លោក សុនិស្ស័យ ស៊ីផាដូន និងសមភាគីថៃ លោក សេដ្ឋា ថាវីស៊ីន បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ ដែលរួមចំណែកដល់ការសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។

ពួកគេបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅទីក្រុងវៀងច័ន្ទន៍ នៃប្រទេសឡាវ កាលពីថ្ងៃទី៣០ ខែតុលា។

ភាគីទាំងពីរបានពិភាក្សាគ្នា និងស្នើឡើងនូវទិសដៅសម្រាប់ផែនការសហប្រតិបត្តិការនាពេលខាងមុខ ដោយគូសបញ្ជាក់អំពីតម្រូវការក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសហប្រតិបត្តិការនានា ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។

ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងប្រទេសឡាវ និងថៃ តាមរយៈផ្លូវថ្នល់ និងផ្លូវដែក ព្រមទាំងគម្រោងទេសចរណ៍សហគមន៍ធម្មជាតិរវាងប្រទេសទាំងពីរផងដែរ។

ពួកគេបានសន្យាថានឹងបន្តជំរុញការសម្របសម្រួល និងយន្តការសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងក្រសួងកសិកម្ម និងសហករណ៍នៃប្រទេសថៃ ដើម្បីសម្រួលដល់ពាណិជ្ជកម្មនៅតាមព្រំដែនរវាងឡាវ-ថៃ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។

លោក ស៊ីផាដូន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃពាណិជ្ជកម្ម និងការវិនិយោគរបស់ថៃនៅក្នុងប្រទេសឡាវ ក៏ដូចជាគម្រោងវិនិយោគដែលប្រទេសទាំងពីរកំពុងអនុវត្តរួមគ្នា ដែលជួយជំរុញដល់ការកើនឡើងនៃទំហំពាណិជ្ជកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់នៃប្រទេសទាំងពីរនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីឡាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិនៃច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ ដោយលោកបាននិយាយថា ប្រទេសថៃបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មលេខ១ របស់ប្រទេសឡាវ ជាអ្នកវិនិយោគបរទេសធំជាងគេទី៣ នៅក្នុងប្រទេស និងដើរតួនាទីក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយមានគោលដៅប្រែក្លាយឡាវជាប្រទេសដែលមិនមានសមុទ្រ ចូលទៅក្នុងចំណុចតភ្ជាប់ក្នុងតំបន់ និងអន្តរជាតិ។

នាយករដ្ឋមន្ត្រីឡាវសង្ឃឹមថា រដ្ឋាភិបាល និងប្រជាជនថៃនឹងបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រឡាវនាពេលខាងមុខ ជាពិសេសក្នុងការរៀបចំសម្រាប់តួនាទីជាប្រធានអាស៊ានរបស់ប្រទេសឡាវក្នុងឆ្នាំ២០២៤ ខាងមុខ៕

ប្រភព៖ AKP