បរទេស៖ ក្រុមប្រឆាំងភេរវកម្មនៃប៉ូលិសឥណ្ឌូនេស៊ី (Densus 88) បានចាប់ខ្លួនជនសង្ស័យភេរវករចំនួន ៤៥នាក់នៅក្នុងខែតុលា ដើម្បីធានាសន្តិសុខសង្គមមុនការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៩ ខែតុលា អ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូណេស៊ី លោកឧត្តមសេនីយ៍ អាម៉ាដ រ៉ាម៉ាដាន់ បាននិយាយថា កម្លាំងប៉ូលិសរបស់ប្រទេសឥណ្ឌូណេស៊ី និងជាពិសេសក្រុម Densus 88 កំពុងបង្កើនការបង្ក្រាបក្រុមភេរវករ និងឧក្រិដ្ឋជន។
ជនសង្ស័យចំនួន ២៧នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងហ្សាការតា ខេត្តកោះជ្វាខាងលិច និងខេត្តកោះស៊ូឡាវេស៊ីកណ្តាល។ ពួកគេត្រូវបានចោទប្រកាន់ថាជាសមាជិកនៃក្រុមជ្រុលនិយម Jamaah Ansharut Daulah (JAD) ឬក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (IS)។
លោក អាម៉ាដ បាននិយាយថា ជនសង្ស័យមួយចំនួនត្រូវបានឃុំខ្លួន បន្ទាប់ពីពួកគេបានបង្ហោះសារបង្កហេតុនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅពេលមុននេះ ក្រុមប្រឆាំងភេរវកម្មរបស់ប៉ូលិសបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៨នាក់ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្មទាក់ទងនឹងភេរវកម្មនៅក្នុងខេត្តចំនួន៦ គឺខេត្តស៊ូម៉ាត្រាខាងលិច ខេត្តស៊ូម៉ាត្រាខាងត្បូង ខេត្តឡាំពុង ខេត្តនូសាតេងហ្គារ៉ាខាងលិច ខេត្តកោះជ្វាខាងលិច និងខេត្តកាលីម៉ាន់តាន់ខាងលិច។ ប្រតិបត្តិការស្រដៀងគ្នានេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីការពារសកម្មភាពភេរវកម្ម៕
ប្រភព៖ AKP