បរទេស៖ រដ្ឋាភិបាលថៃកំពុងដាក់សម្ពាធដល់ពលកររបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែលឱ្យកំណត់ផែនការរបស់ពួកគេភ្លាមៗទាក់ទងនឹងការវិលត្រឡប់ទៅប្រទេសថៃវិញ ដែលវាបានកើតឡើងចំពេលដែលស្ថិរភាពបច្ចុប្បន្ននៅក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល ប៉ុន្តែការបង្កើនសក្តានុពលនៃជម្លោះនាពេលខាងមុខត្រូវបានរំពឹងទុកដោយភ្នាក់ងារផ្សេងៗ។
លោក សេដ្ឋា ថាវីស៊ីន បានធ្វើសេចក្តីប្រកាសនេះបន្ទាប់ពីជួបពិភាក្សាជាមួយក្រសួងការបរទេស។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលថៃមានសមត្ថភាពក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋថៃប្រមាណ ៨០០នាក់ជារៀងរាល់ថ្ងៃ ហើយចំនួននេះអាចនឹងមានការកើនឡើង។ បញ្ហាប្រឈមមួយកើតឡើងនៅពេលដែលពលករជាច្រើនបានប្តូរចិត្តមិនវិលត្រឡប់ទៅប្រទេសថៃវិញ ដោយសារនិយោជកអ៊ីស្រាអែលគ្រោងនឹងបើកប្រាក់ឈ្នួលនៅថ្ងៃទី១០ ខែវិច្ឆិកា។ បន្ថែមពីលើនេះទៀត ក៏មានការតម្លើងប្រាក់ឈ្នួលដើម្បីលើកទឹកចិត្តពួកគេឱ្យបន្តធ្វើការងារផងដែរ ដែលវាបានបង្កឱ្យមានភាពមិនច្បាស់លាស់ក្នុងចំណោមពលករថៃទាំងនោះចំពោះការវិលត្រឡប់ទៅប្រទេសថៃវិញ។
ពលករថៃទាំងនោះត្រូវបានជំរុញឱ្យធ្វើការសម្រេចចិត្តឱ្យបានឆាប់រហ័ស មុនពេលស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនទៅមុខទៀត ដែលអាចរារាំងដល់ការវិលត្រឡប់របស់ពួកគេ។ ពេលត្រឡប់ទៅប្រទេសថៃវិញ លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួងការងារឱ្យជួយដល់ពលករទាំងអស់នោះ។ ជាដំបូង នឹងមានការផ្តល់ប្រាក់សង្គ្រោះចំនួន ១៥.០០០បាត។ ក្រសួងកសិកម្ម និងសហករណ៍ កំពុងរៀបចំឱកាសការងារ ជាពិសេសផ្នែកបច្ចេកវិទ្យា និងកសិកម្មជឿនលឿន ស្របតាមបទពិសោធន៍ការងាររបស់ពួកគេនៅក្នុងប្រទេសអ៊ីស្រាអែល ដោយធានាបាននូវលទ្ធភាពទទួលបានការងារធ្វើនៅពេលពួកគេត្រឡប់ទៅវិញ។
ទាក់ទិននឹងការជួយដល់ចំណាប់ខ្មាំងថៃ លោកនាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងលើគ្រប់វិស័យ។ ទោះជាយ៉ាងណា ស្ថានភាពបច្ចុប្បន្នរបស់ចំណាប់ខ្មាំងថៃនៅតែមិនទាន់មានភាពប្រាកដប្រជា។
ជាមួយគ្នានេះ ស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ បានបង្ហាញរូបភាពនៃដំណើរទស្សនកិច្ចរបស់លោក អេលី កូហេន រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលកាលពីពេលថ្មីៗនេះទៅកាន់ពលករថៃនៅអ៊ីស្រាអែល ក្នុងគោលបំណងបង្ហាញពីការដឹងគុណ ការផ្សព្វផ្សាយការទូតផ្តោតលើសុខុមាលភាព និងសុវត្ថិភាពរបស់ពលករថៃក្នុងវិស័យកសិកម្ម។
លោក កូហេន បានជួបជាមួយពលករថៃដែលបានរួមចំណែកដល់វិស័យកសិកម្មដែលកំពុងរីកចម្រើនរបស់អ៊ីស្រាអែល។ ក្នុងដំណើរទស្សនកិច្ចនោះ លោកបានថ្លែងអំណរគុណដល់ពលករថៃទាំងអស់នៅក្នុងកសិដ្ឋានរបស់អ៊ីស្រាអែល និងបានធានានូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលចំពោះសុវត្ថិភាពពួកគេ៕
ប្រភព៖ AKP