បរទេស៖ ទីភ្នាក់ងារសារព័ត៌មាននៃកងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅបន្តធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាស់ ឃ្លាំងអាវុធ និងឧបករណ៍បាញ់បង្ហោះនៅតំបន់ហ្គាហ្សាស្ទ្រីប។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ក្នុងអំឡុងពេលនៃការវាយប្រហារទ្រង់ទ្រាយធំដែលបានធ្វើឡើងដោយផ្អែកទៅលើការស៊ើបការណ៍សម្ងាត់របស់ ISA នៅតំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃចុងក្រោយនោះ កងកម្លាំង IDF បានវាយប្រហារភេរវករ និងហេដ្ឋារចនាសម្ព័ន្ធក្រុមហាម៉ាស់ រួមទាំងកំណាត់ផ្លូវរូងក្រោមដីភេរវកម្ម ទីបញ្ជាការយោធា ឃ្លាំងអាវុធ កាំភ្លើងត្បាល់ និងគ្រាប់កាំជ្រួចប្រឆាំងរថក្រោះ»។
សេវាសារព័ត៌មាននោះបាននិយាយថា «បន្ថែមពីលើនេះទៀត កងកម្លាំង IDF បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធា និងមជ្ឈមណ្ឌលបញ្ជានៃបរិក្ខាសន្តិសុខរបស់ក្រុមហាម៉ាស់ ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យអង្គការភេរវករនៅតំបន់ហ្គាហ្សាស្ទ្រីប»។
កងកម្លាំង IDF ក៏បានរាយការណ៍ផងដែរថា ពេញមួយយប់ ខ្លួនបានវាយប្រហារឧបករណ៍ប្រតិបត្តិការបន្ទាន់របស់ក្រុមហាម៉ាស់ រួមទាំងបន្ទប់សង្គ្រាម ហេដ្ឋារចនាសម្ព័ន្ធ និងទីបញ្ជាការយោធា។ សេវាកម្មសារព័ត៌មានបាននិយាយបន្ថែមថា «ឧបករណ៍ប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ក្រុមហាម៉ាស់ គឺទទួលខុសត្រូវក្នុងការរៀបចំការបិទផ្លូវដែលរារាំងប្រជាជននៅហ្គាហ្សាពីការជម្លៀសទៅកាន់តំបន់ដែលមានសុវត្ថិភាពនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប»៕
ប្រភព៖ AKP