បរទេស៖ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសតួកគីបានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួជាប្រទេសធានាសម្រាប់ប៉ាឡេស្ទីនក្នុងការដោះស្រាយជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល។
ថ្លែងទៅកាន់អង្គប្រជុំសភា លោក អេដូហ្គែន ក៏បានស្នើឱ្យកោះប្រជុំសន្និសិទសន្តិភាពអន្តរជាតិ សំដៅដោះស្រាយវិបត្តិដែលកំពុងបន្តនេះផងដែរ។
លោក អេដូហ្គែន បាននិយាយថា «យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួជាប្រទេសធានាសម្រាប់ប៉ាឡេស្ទីនក្នុងការដោះស្រាយជម្លោះ។ យើងក៏ស្នើឱ្យមានការកោះប្រជុំសន្និសិទសន្តិភាពអន្តរជាតិស្តីពីដំណោះស្រាយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយមានការចូលរួមពីគ្រប់ភាគីដែលមានឥទ្ធិពលដែរ»។
ប្រធានាធិបតីតួកគីបាននិយាយបន្តទៀតថា «ប្រទេសតួកគីនឹងតែងតែទទួលខុសត្រូវក្នុងការត្រួសត្រាយផ្លូវសម្រាប់សន្តិភាពយូរអង្វែង។ យើងចាត់ទុកស្ថាប័ននៃប្រទេសអ្នកធានាដែលយើងបានស្នើឡើងជាឧបករណ៍សម្រាប់វិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ដំណោះស្រាយពិតប្រាកដនៃបញ្ហា»។
លោក អេដូហ្គែន បាននិយាយបន្ថែមថា «យើងអំពាវនាវឱ្យបណ្តាប្រទេសសុច្ឆន្ទៈឱ្យវាយតម្លៃទៅលើសំណើនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចាត់វិធានការជាក់ស្តែង និងបើកទ្វារឆ្ពោះទៅរកសន្តិភាព»។
ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធមកពីក្រុមរ៉ាឌីកាល់ហាម៉ាស់ប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សា បានចាប់ផ្តើមការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប។ ក្រុមហាម៉ាស់បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅក្នុងទីក្រុងហ្សេរុយសាឡឹម៕
ប្រភព៖ AKP