បរទេស៖ កិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការអាស៊ាន-ឈូងសមុទ្រពែក្ស (GCC) បានប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន រួមជាមួយមេដឹកនាំផ្សេងទៀតនៅអាស៊ាន ត្រូវបានទទួលស្វាគមន៍ដោយរាជទាយាទ ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ នៃប្រទេសអារ៉ាប៊ីសាអូឌីត នៅមុនពេលកិច្ចប្រជុំ។
កិច្ចប្រជុំកំពូលនោះ គឺជាកិច្ចពិភាក្សាផ្លូវការលើកដំបូងរវាងបណ្តាប្រទេសនៅអាស៊ាន និង GCC ដែលរួមមានប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម បារ៉ែន កាតា គុយវ៉ែត និងអូម៉ង់។ ក្រោមប្រធានបទ «អនាគតប្រកបដោយនិរន្តរភាពតាមរយៈភាពជាដៃគូច្នៃប្រឌិត» តំបន់ទាំងពីរកំពុងស្វែងរកការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ។ ជាការរួមគ្នា អាស៊ាន និង GCC មានផលិតផលក្នុងស្រុកសរុប (GDP) ចំនួនជិត 6% នៃ GDP របស់ពិភពលោក។
បញ្ហាប្រឈមនានាសម្រាប់សន្តិសុខប្រជាជន អាហារ ថាមពល ការថែទាំសុខភាព និងការប្រែប្រួលអាកាសធាតុត្រូវបានដោះស្រាយ។ តំបន់ទាំងពីរបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍចក្ខុវិស័យប្រកបដោយនិរន្តរភាព និងដាក់ប្រជាពលរដ្ឋជាចំណុចស្នូលនៃគំនិតផ្តួចផ្តើម។
លោកនាយករដ្ឋមន្ត្រីថៃបានស្នើឡើងនូវផ្នែកសំខាន់ចំនួន៣ សម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាពជាមួយនឹងគោលដៅនៃការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធសូន្យ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ប្រទេសថៃមានបំណងបង្កើនចំនួនភ្ញៀវទេសចរមកពីបណ្តាប្រទេស GCC ឱ្យបានទ្វេដង ពីចំនួនប្រមាណជិត ៣០០.០០០នាក់ ទៅ ៦០០.០០០នាក់ ក្នុងរយៈពេលពីរឆ្នាំខាងមុខ។
លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យបញ្ចប់អំពើហិង្សាក្នុងតំបន់ផងដែរ ជាពិសេសលោកបានលើកឡើងអំពីការបាត់បង់ជីវិតប្រជាជនថៃចំនួន ៣០នាក់នៅមជ្ឈិមបូព៌ា។ លោកបានអំពាវនាវឱ្យមានកិច្ចចរចាដោយសន្តិវិធី និងការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ៕
ប្រភព៖ AKP