បរទេស៖ លោក ម៉ាក រ៉េហ្គេវ ទីប្រឹក្សាជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ប្រទេសអ៊ីស្រាអែលនឹងមិនផ្តល់ការអនុញ្ញាតឱ្យដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់តំបន់ហ្គាហ្សាស្រ្ទីបទេ ដោយសារតែមានការព្រួយបារម្ភពីការលួចយកវាពីក្រុមហាម៉ាស់ប៉ាឡេស្ទីន។
លោក រ៉េហ្គេវ បាននិយាយនៅទូរទស្សន៍អាម៉េរិកមួយថា «សេចក្តីសម្រេចរបស់រដ្ឋាភិបាលគឺថាប្រេងឥន្ធនៈមិនអាចនាំចូលទៅហ្គាហ្សាទេ ព្រោះវាអាចនឹងត្រូវបានលួចដោយក្រុមហាម៉ាស់ ហើយវានឹងត្រូវបានប្រើដោយពួកគេដើម្បីផ្តល់ថាមពលដល់គ្រាប់រ៉ុក្កែតដែលបាញ់ទៅលើអ៊ីស្រាអែល ដើម្បីសម្លាប់ប្រជាជនរបស់យើង»។
លោកបាននិយាយបន្ថែមថា ប្រេងឥន្ធនៈមួយចំនួនតូចត្រូវបានអនុញ្ញាតឱ្យចូលតាមច្រករ៉ាហ្វាហ៍ ព្រំដែនរវាងអេហ្ស៊ីប-ហ្គាហ្សា ប៉ុន្តែត្រូវបានគេលួច។ អ៊ីស្រាអែលបានគិតថា ប្រេងឥន្ធនៈត្រូវបានបង្វែរទៅរកមូលហេតុយោធា។
លោក រ៉េហ្គេវ បានគូសបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យនាំប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្គាហ្សាឡើយ បើទោះបីជាក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងទាំងអស់ក៏ដោយ។
កញ្ចប់ជំនួយមនុស្សធម៌អន្តរជាតិដំបូងត្រូវបានបញ្ជូនទៅកាន់តំបន់ហ្គាហ្សាស្រ្ទីប កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ដែលឆ្លងកាត់ព្រំដែនរ៉ាហ្វាហ៍ ហើយក្បួនរថយន្តដឹកជំនួយលើកទីពីរបានទៅដល់ហ្គាហ្សាកាលពីថ្ងៃចន្ទ៕
ប្រភព៖ AKP