បរទេស៖ នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក ហ្វាទីហ៍ ប៊ីរ៉ូល បាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងដែលកំពុងបន្តនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារប្រេង និងសន្តិសុខថាមពលទូទាំងពិភពលោក។
លោក ប៊ីរ៉ូល បាននិយាយក្នុងពេលធ្វើបទបង្ហាញអំពីចក្ខុវិស័យថាមពលពិភពលោកឆ្នាំ២០២៣ ថា «ឆ្នាំនេះ គឺជាខួបលើកទី៥០ នៃភាពតក់ស្លុតជាលើកដំបូងសម្រាប់វិស័យប្រេង ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញសម្រាប់សេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែសព្វថ្ងៃនេះ យើងកំពុងប្រឈមមុខនឹងវិបត្តិភូមិសាស្ត្រនយោបាយដ៏ធំមួយនៅមជ្ឈិមបូព៌ា ដែលអាចធ្វើឱ្យទីផ្សារប្រេងមានភាពតក់ស្លុតម្តងទៀត និងមានសភាពខ្លាំងទៀតផង»។
លោកបាននិយាយបន្ថែមថា បញ្ហាប្រឈមទាំងនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយហានិភ័យដែលមានស្រាប់នៅលើទីផ្សារឧស្ម័ន និងភាពអាសន្ននៃអាកាសធាតុពិភពលោក៕
ប្រភព៖ AKP