អាជ្ញាធរ​អ៊ីស្រាអែល​បញ្ជាក់​ពី​ការ​ដោះលែង​ចំណាប់ខ្មាំង​ពីរ​នាក់​នៅ​ហ្គាហ្សាស្ទ្រីប

0

បរទេស៖ អាជ្ញាធរ​អ៊ីស្រាអែល​បាន​បញ្ជាក់​ពី​ការ​ដោះលែង​ស្ត្រី​អ៊ីស្រាអែលចំនួន​ពីរ​នាក់​ដែលបាន​ជាប់​ជា​ចំណាប់ខ្មាំង​នៅ​តំបន់​ហ្កាហ្សាស្រ្ទីប។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ស្នងការសម្រាប់ការចាប់ពង្រត់ និងបាត់ខ្លួនបានរាយការណ៍ថា ស្រ្តីម្នាក់ឈ្មោះ នូរីត ឃូភើរ អាយុ ៧៩ឆ្នាំ និងស្រ្តីម្នាក់ទៀតឈ្មោះ​ យ៉ូចេវេដ លីហ្វស៊ីហ្វហ្ស៍ អាយុ ៨៥ឆ្នាំត្រូវបានដោះលែងពីក្រុមហាម៉ាស់។

អាជ្ញាធរបាននិយាយថា ស្ត្រីទាំងពីរនាក់នោះត្រូវបានចាប់ពង្រត់ចេញពីផ្ទះរបស់ពួកគេនៅតំបន់នៀរ អូហ្ស គីបប៊ូតហ្ស៍ ដែលនៅក្បែរតំបន់ហ្គាហ្សាស្រ្ទីប កាលពីថ្ងៃទី៧ ខែតុលា។ ប្តីរបស់ស្រ្តីទាំងពីរនោះត្រូវបានគេចាប់ពង្រត់ជាមួយពួកគេ ហើយនៅតែត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដដែល។

នៅពេលមុននេះ កងកម្លាំងការពារអ៊ីស្រាអែលបានរាយការណ៍ថា ក្រុមហាម៉ាស់កំពុងចាប់មនុស្សប្រហែល ២២២នាក់ជាចំណាប់ខ្មាំង។ យោងតាមស្ថានទូតរុស្សីប្រចាំនៅអ៊ីស្រាអែលបានឱ្យដឹងថា យ៉ាងហោចណាស់ចំណាប់ខ្មាំងពីរនាក់ក្នុងចំណោមពួកគេ គឺជាពលរដ្ឋរុស្ស៊ីដែលកាន់សញ្ជាតិអ៊ីស្រាអែល៕

ប្រភព៖ AKP