លោ ឡាវរ៉ូវ ពិភាក្សាជំរុញភាពជាដៃគូទ្វេភាគីនៅអ៊ីរ៉ង់ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងកម្រិតខ្ពស់

0

បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងទម្រង់ «៣+៣» ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងកម្រិតខ្ពស់នៅទីក្រុងតេអេរ៉ង់។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «របៀបវារៈទ្វេភាគីបច្ចុប្បន្នត្រូវបានពិភាក្សាយ៉ាងហ្មត់ចត់ ជាមួយនឹងការសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍបន្ថែមទៀតនៃភាពស្មុគស្មាញទាំងមូលនៃភាពជាដៃគូពហុភាគីរវាងរុស្ស៊ី-អ៊ីរ៉ង់ ស្របតាមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី»។

ភាគីទាំងពីរបានលើកឡើងអំពីការអនុវត្តគម្រោងរួមក្នុងវិស័យថាមពល និងភស្តុភារ រួមទាំងការបើកដំណើរការពេញលេញនៃច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើង-ខាងត្បូងផងដែរ។ ក្រសួងនោះបាននិយាយថា ជំហានបន្តដើម្បីពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី-អ៊ីរ៉ង់បន្ថែមទៀតត្រូវបានព្រមព្រៀង។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា លើសពីនេះទៀត ទាំងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ បានសង្កត់ធ្ងន់ទៅលើការមិនអាចទទួលយកបាននៃទណ្ឌកម្មជាឯកតោភាគីរបស់លោកខាងលិច ដែលធ្វើឱ្យខូចដល់ដំណើរការប្រក្រតីនៃសេដ្ឋកិច្ចពិភពលោក។ ដោយពិចារណាទៅលើស្ថានភាពជុំវិញផែនការសកម្មភាពទូលំទូលាយរួមស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ភាគីនានាបានថ្កោលទោសចំពោះជំហានដែលធ្វើឡើងដោយអ្នកចូលរួមលោកខាងលិចរបស់ខ្លួន ដែលផ្ទុយទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ២២៣១។ ភាគីទាំងពីរបានរំលឹកឡើងវិញថា គ្មានជម្រើសណាមួយចំពោះកិច្ចព្រមព្រៀងអន្តរជាតិដែលត្រូវគ្នាចាប់តាំងពីឆ្នាំ២០១៥ មកឡើយ៕

ប្រភព៖ AKP