បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឯកតោភាគី គឺមិនគ្រប់គ្រាន់ទេដើម្បីដោះស្រាយជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយសារជំហានរួម គឺចាំបាច់សម្រាប់រឿងនេះ។
លោកបាននិយាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ៣+៣ ថា «ខ្ញុំជឿជាក់ថា គ្មាននរណាម្នាក់អាចផ្សះផ្សាប៉ាឡេស្ទីន និងអ៊ីស្រាអែលតែម្នាក់ឯងបានទេ ដូចសហរដ្ឋអាមេរិកបានព្យាយាមធ្វើអស់ជាច្រើនឆ្នាំមកហើយនោះ។ វាចាំបាច់ណាស់ក្នុងការធ្វើសកម្មភាពដោយផ្អែកទៅលើសក្តានុពលរួមរបស់បណ្តាប្រទេស និងតំបន់ ហើយត្រូវធ្វើជាសមូហភាព មិនមែនជាឯកតោភាគីនោះទេ»។
ភាពតានតឹងបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស់មកពីតំបន់ហ្កាហ្សាបានវាយប្រហារទៅលើទឹកដីអ៊ីស្រាអែល។ ក្រុមហាម៉ាស់ចាត់ទុកការវាយប្រហាររបស់ខ្លួនថាជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅក្នុងទីក្រុងហ្សេរុយសាឡឹម។ អ៊ីស្រាអែលបានប្រកាសបិទច្រកហ្កាហ្សាទាំងស្រុង ហើយបានបើកការទម្លាក់គ្រាប់បែកទៅលើតំបន់ដែលព័ទ្ធជុំវិញ និងតំបន់មួយចំនួនក្នុងប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងតំបន់វេសប៊ែង។ ប្រជាជនប៉ាឡេស្ទីនជាង ៥.០០០នាក់ត្រូវបានសម្លាប់ និងជាង ១៥.០០០នាក់ផ្សេងទៀតបានរងរបួស។ នៅអ៊ីស្រាអែល មនុស្សយ៉ាងហោចណាស់ ១.៥០០នាក់បានបាត់បង់ជីវិត និងប្រមាណជិត ៤.៥០០នាក់បានរងរបួស៕
ប្រភព៖ AKP