អ៊ីស្រាអែល​ចង់​ពន្យារពេល​ប្រតិបត្តិការនៅ​តំបន់​ហ្កាហ្សា​សម្រាប់​កិច្ចចរចា​ចំណាប់ខ្មាំង

0

បរទេស៖ មន្ត្រីអ៊ីស្រាអែលពីររូបបានប្រាប់សារព័ត៌មាន Axios ថា ប្រទេសអ៊ីស្រាអែលសុខចិត្តពន្យារពេលប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សារយៈពេលពីរបីថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានកិច្ចពិភាក្សាស្តីពីការដោះលែងចំណាប់ខ្មាំងមួយចំនួនធំដែលក្រុមហាម៉ាស់ចាប់បាន។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូបបាននិយាយនៅក្នុងបរិបទនៃការសន្យារបស់អ៊ីស្រាអែលអំពីការលុកលុយទៅលើតំបន់ហ្គាហ្សាថា «ទាំងអ៊ីស្រាអែល និងរដ្ឋបាលលោក បៃដិន ចង់បញ្ចេញរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីព្យាយាមយកចំណាប់ខ្មាំងចេញពីតំបន់ហ្គាហ្សា។ ប្រសិន បើក្រុមហាម៉ាស់ស្នើឡើងនូវការដោះដូរចំណាប់ខ្មាំងមួយចំនួនធំនោះ ពិតណាស់យើងនឹងត្រៀមខ្លួនដើម្បីធ្វើអ្វីៗជាថ្នូរនឹងកិច្ចការនេះ»។

មន្ត្រីអ៊ីស្រាអែលបាននិយាយថា នៅពេលដែលយោធារបស់ពួកគេបើកការឈ្លានពាន កិច្ចព្រមព្រៀងសម្រាប់ចំណាប់ខ្មាំងនឹងស្ទើរតែមិនអាចទៅរួចទេ។

ទន្ទឹមនឹងនេះដែរ មន្ត្រីអ៊ីស្រាអែលបានសង្កត់ធ្ងន់ថា ទោះបីជាកិច្ចព្រមព្រៀងចំណាប់ខ្មាំងត្រូវបានព្រមព្រៀងក៏ដោយ ក៏យោធាអ៊ីស្រាអែលនឹងមិនទម្លាក់ផែនការរបស់ខ្លួនសម្រាប់ការវាយលុកទៅលើតំបន់ហ្គាហ្សាឡើយ។

នៅពេលមុននេះ កាសែតអ៊ីស្រាអែល Haaretz បានដកស្រង់ប្រភពមួយដែលបានរាយការណ៍ថា ក្រុមហាម៉ាស់កំពុងពិចារណាដោះលែងចំណាប់ខ្មាំងជនស៊ីវិលជាថ្នូរនឹងប្រេងឥន្ធនៈ។

ម៉្យាងវិញទៀត ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានសរសេរថា ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធទៅលើអ៊ីស្រាអែល ដោយជំរុញឱ្យវាការពន្យារពេលប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅក្នុងឡោមព័ទ្ធរបស់ខ្លួន។ ម្យ៉ាងវិញទៀត ប្រសិនបើប្រតិបត្តិការនេះអាចត្រូវបានពន្យារពេល សហរដ្ឋអាមេរិកចង់រៀបចំឱ្យកាន់តែប្រសើរឡើងសម្រាប់ការវាយប្រហារដែលអាចកើតមានទៅលើកងកម្លាំងរបស់ខ្លួននៅមជ្ឈិមបូព៌ា៕

ប្រភព៖ AKP