បរទេស៖ ទូរទស្សន៍មជ្ឈិមរបស់ប្រទេសចិនបាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីបណ្តេញរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វ៊ូ ចេញពីតំណែង។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ក្រឹត្យលេខ១៤ របស់ប្រធានាធិបតីបាននិយាយថា លោក លី ត្រូវបានដកចេញពីមុខតំណែងជាសមាជិកក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ស្របតាមសេចក្តីសម្រេចដែលបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិរបស់ប្រទេសចិន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ការតែងតាំងរដ្ឋមន្ត្រីថ្មីនៅមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
លោក លី បានបង្ហាញខ្លួនជាសាធារណៈលើកចុងក្រោយកាលពីថ្ងៃទី២៩ ខែសីហា ដើម្បីថ្លែងសុន្ទរកថាក្នុងវេទិកាសន្តិភាព និងសន្តិសុខចិន-អាហ្វ្រិកលើកទី៣ នៅទីក្រុងប៉េកាំង។
កាសែត Financial Times បានដកស្រង់ប្រភពដែលបាននិយាយថា លោក លី អាចត្រូវបានព្យួរការងារ ហើយកំពុងត្រូវបានស៊ើបអង្កេត។ មន្ត្រីនៅក្រសួងការបរទេស និងក្រសួងការពារជាតិចិនបាននិយាយថា ពួកគេមិនបានដឹងអំពីស្ថានភាពនេះទេ។
លោក លី បានអវត្តមានពីកម្មវិធីទទួលស្វាគមន៍ភ្ញៀវក្នុងឱកាសនៃថ្ងៃឈប់សម្រាកសាធារណៈដ៏សំខាន់ គឺទិវាជាតិរបស់ប្រទេសចិន ដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១ ខែតុលា ហើយអតីតរដ្ឋមន្ត្រីការពារជាតិចិន លោក វៃ ហ្វេងហេ (កាន់តំណែងក្នុងឆ្នាំ២០១៨-២០២៣) ក៏បានអវត្តមាននៅពេលនោះដែរ។
នៅពេលមុននេះ កាសែត South China Morning Post របស់ហុងកុងបានដកស្រង់ប្រភពដែលបាននិយាយថា លោក លុយ ហ្សេនលី ប្រធានបុគ្គលិករួមនៃក្រុមប្រឹក្សាយោធាកណ្តាលរបស់ប្រទេសចិនអាចត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិជំនួសលោក លី៕
ប្រភព៖ AKP