បរទេស៖ បេសកជនពិសេសរបស់រដ្ឋាភិបាលចិនប្រចាំតំបន់មជ្ឈិមបូព៌ា លោក ហ្សៃ ជុន បានជំរុញឱ្យអង្គការសហប្រជាជាតិរៀបចំសន្និសីទសន្តិភាពដ៏មានឥទ្ធិពល និងទ្រង់ទ្រាយធំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។
យោងតាមលោក ហ្សៃ បានឱ្យដឹងថា ការកើនឡើងនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានបង្ហាញសារជាថ្មីម្តងទៀតថា បញ្ហាប៉ាឡេស្ទីនមិនអាចត្រូវបានព្រងើយកន្តើយ ឬមិនអើពើនោះឡើយ។ លោកបានសង្កត់ធ្ងន់ថា ផ្លូវចេញពីរង្វង់ដ៏កាចសាហាវនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល គឺត្រូវត្រលប់ទៅរកផែនការ «រដ្ឋពីរសម្រាប់ប្រជាជនពីរ» វិញ និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។
កាលពីថ្ងៃទី២១ ខែតុលា លោក ហ្សៃ បានចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ ដែលផ្តួចផ្តើមដោយប្រទេសអេហ្ស៊ីប។ សន្និសីទនោះបានធ្វើឡើងនៅរដ្ឋធានីអេហ្ស៊ីប ដោយមានការចូលរួមពីរដ្ឋចំនួនជាង៣០ និងអង្គការអន្តរជាតិមួយចំនួន។
កាលពីដើមខែតុលា ក្រុមហាម៉ាស់បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំពីតំបន់ហ្គាហ្សាចូលទៅក្នុងប្រទេសអ៊ីស្រាអែល ហើយបានរំលោភព្រំដែន។ ជាការឆ្លើយតប ទីក្រុងតែលអាវីវ បានចាប់ផ្តើមការវាយប្រហារសងសឹកវិញ និងបានបញ្ជាឱ្យបិទទាំងស្រុងនូវតំបន់ហ្គាហ្សាស្រ្ទីប ដែលមានប្រជាជនរស់នៅជាង ២លាននាក់ ដោយបានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អាហារ និងប្រេងឥន្ធនៈ។
ការបិទផ្លូវនោះត្រូវបានបន្ធូរបន្ថយបន្តិចនៅពេលក្រោយមក ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា។ មនុស្សរាប់ពាន់នាក់បានស្លាប់ និងរងរបួស ដែលត្រូវបានគេរាយការណ៍ដោយភាគីទាំងសងខាងដែលជាលទ្ធផលនៃជម្លោះនោះ៕
ប្រភព៖ AKP