លោក បៃដិន ពិភាក្សា​ជាមួយ​​មេដឹកនាំ​នៃ​ប្រទេស​សម្ព័ន្ធមិត្ត​ចំនួន៥ អំពី​ស្ថានភាព​ជុំវិញ​ប្រទេស​អ៊ីស្រាអែល

0

បរទេស៖ សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានពិភាក្សាជាមួយមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងចក្រភពអង់គ្លេស អំពីការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បៃដិន បានកោះប្រជុំនៅរសៀលនេះជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក ទ្រូដូ ប្រធានាធិបតីបារាំង លោក ម៉ាក្រុន អធិការបតីអាល្លឺម៉ង់ លោក ស្កូលហ្ស៍ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក មេឡូនី និងនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក ស៊ូណាក ទាក់ទងនឹងជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងអង្គការភេរវករហាម៉ាស់»។

កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំដ៏គួរឱ្យភ្ញាក់ផ្អើលប្រឆាំងនឹងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប។ អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកវិញ ហើយបានបញ្ជាឱ្យបិទផ្លូវទាំងស្រុងនៃតំបន់ហ្គាហ្សាស្រ្ទីប ដែលមានប្រជាជនរស់នៅជាង ២លាននាក់ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អាហារ និងប្រេងឥន្ធនៈ។ ការ​បិទ​ផ្លូវនេះ​ត្រូវ​បាន​បន្ធូរបន្ថយ​ក្រោយ​មក ដើម្បី​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ដែល​មាន​ជំនួយ​មនុស្សធម៌​ចូល​ទៅ​ក្នុង​តំបន់ហ្គាហ្សាស្រ្ទីប។ ការ​កើនឡើង​នៃ​ជម្លោះនោះ​បាន​បណ្តាល​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ និងរង​របួស​ទាំងសងខាង​៕

ប្រភព៖ AKP