បេសកជនពិសេសរបស់ចិននឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

0

បរទេស៖ បេសកជនពិសេសរបស់ចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ា លោក ហ្សៃ ជុន បាននិយាយកាលពីថ្ងៃចន្ទថា លោកមានបំណងទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងប្រទេសដទៃទៀតនៅក្នុងតំបន់ ដើម្បីពិភាក្សាអំពីការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ប្រព័ន្ធផ្សព្វផ្សាយចិនបានដកស្រង់សម្តីរបស់លោក ហ្សៃ ជុន ដែលបាននិយាយថា «កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅបំពេញទស្សនកិច្ចនៅប្រទេសកាតា និងអេហ្ស៊ីប ហើយបានចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិនៅទីក្រុងគែរ។ បន្ទាប់មកទៀត ខ្ញុំក៏នឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ឱ្យមានបទ​ឈប់​បាញ់គ្នា បញ្ចប់​អំពើ​ហិង្សា និង​បន្ធូរបន្ថយ​ស្ថានការណ៍​»​។

កាលពីចុងសប្តាហ៍មុន លោក ហ្សៃ បានចូលរួមកិច្ចប្រជុំកំពូលទីក្រុងគែរ ដើម្បីសន្តិភាព ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីនៃប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពីរដ្ឋចំនួនជាង៣០ ដែលរួមមានទាំងប្រទេសចិន និងអង្គការអន្តរជាតិមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំកំពូលនោះ មន្ត្រីចិនបានជំរុញឱ្យអង្គការសហប្រជាជាតិរៀបចំ «សន្និសីទអន្តរជាតិដ៏មានឥទ្ធិពលបន្ថែមទៀតសម្រាប់សន្តិភាពក្នុងទ្រង់ទ្រាយធំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសម្តែងឱ្យបាននូវភាពប្រាកដប្រជាសម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលមានន័យថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យអាចជាផ្លូវចេញពីជម្លោះ។

ប្រេសិតពិសេសរបស់ចិនប្រចាំតំបន់មជ្ឈិមបូព៌ា លោក ហ្សៃ ជុន បានសង្កត់ធ្ងន់ថា ប្រទេសចិនព្រួយបារម្ភអំពីលទ្ធភាពនៃការកើនឡើងបន្ថែមទៀតនៃជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល ហើយជំរុញឱ្យភាគីទាំងពីរឈប់បាញ់គ្នា។

លោក ហ្សៃ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលទីក្រុងគែរដើម្បីសន្តិភាពថា «ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការកើនឡើងបន្ថែមទៀតនៃជម្លោះ»។

លោក​ក៏​បាន​និយាយផង​ដែរ​ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​ប៉ាឡេស្ទីន​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ ដោយសារ​ជម្លោះ​បាន​បណ្តាល​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់ និងរង​របួស៕

ប្រភព៖ AKP