បរទេស៖ ក្បួនរថយន្តលើកទី៣ ដែលផ្ទុកជំនួយសំខាន់ៗបានធ្វើដំណើរចូលទៅក្នុងតំបន់ហ្គាហ្សាតាមរយៈតំបន់រ៉ាហ្វា ដោយធ្វើដំណើរឆ្លងកាត់អេហ្ស៊ីប។
តំបន់ហ្កាហ្សាជាជម្រករបស់ជនស៊ីវិលជាង ២លាននាក់ កំពុងប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់នៃការខ្សោះជាតិទឹក និងការអត់ឃ្លានខ្លាំង ដោយសារតែការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល និងការបិទផ្លូវទាំងស្រុង។
កាលពីចុងសប្តាហ៍មុន រថយន្តសរុបចំនួន ៣៤គ្រឿងបានដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ដែលជាតម្រូវការជាច្រើន រួមទាំងអាហារ ទឹក ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រពីប្រទេសអេហ្ស៊ីបទៅកាន់តំបន់ហ្គាហ្សា។
ក្បួនរថយន្តកាលពីថ្ងៃអាទិត្យ បានធ្វើការត្រួតពិនិត្យសន្តិសុខបន្ថែម ដូចដែលបានបញ្ជាក់ដោយមន្ត្រីសន្តិសុខដែលនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏អង្គការសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភថា ជំនួយនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់តំបន់ប៉ាឡេស្ទីន។
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានប្រកាសថា សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា មានលក្ខណៈដូចទៅនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ជាមួយនឹងច្រកព្រំដែនរបស់អ៊ីស្រាអែលដែលបិទតំបន់ហ្គាហ្សា មានតែច្រករ៉ាហ្វាហ៍ដែលតភ្ជាប់ប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សា នៅតែជាផ្លូវតែមួយគត់សម្រាប់ការផ្តល់ជំនួយដល់តំបន់ប៉ាឡេស្ទីន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃច័ន្ទ ដោយមេដឹកនាំទាំងពីរបានបញ្ជាក់អំពីតម្រូវការដើម្បីធានាឱ្យមានលំហូរបន្តនៃជំនួយមនុស្សធម៌ និងសម្ភារៈសង្គ្រោះទៅកាន់តំបន់ហ្គាហ្សា។
សេតវិមានបានចែករំលែកសេចក្តីថ្លែងការណ៍មួយដែលបាននិយាយថា លោកប្រធានាធិបតី បៃដិន បានទូរស័ព្ទទៅកាន់លោក ណេតាន់យ៉ាហ៊ូ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍនៅក្នុងតំបន់ហ្គាហ្សា និងនៅក្នុងតំបន់ជុំវិញ៕
ប្រភព៖ AKP