បរទេស៖ ក្រសួងកសិកម្មរបស់ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងកាត់បន្ថយការនាំចូលខ្ទឹមសរបស់ខ្លួននៅក្នុងឆ្នាំ២០២៤ ចំនួន ៤០% ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តដល់ផលិតកម្មក្នុងស្រុក។
ប្រធានទីភ្នាក់ងារស្បៀងអាហារជាតិ (NFA) របស់ឥណ្ឌូណេស៊ី លោក អារីហ្វ ប្រាសេតយ៉ូ អាឌី បាននិយាយថា អនុសាសន៍នាំចូលផលិតផលសាកវប្បកម្ម (RIPH) សម្រាប់ឆ្នាំ២០២៤ នឹងកំណត់បរិមាណខ្ទឹមសដែលនាំចូលរហូតអតិបរមា ៦៥០.០០០តោន។
លោកត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្ដីដែលបាននិយាយថា ចំនួននោះ គឺផ្អែកទៅលើតម្រូវការទូទាំងប្រទេសដែលមានត្រឹមតែពី ៦០០.០០០តោន ទៅ ៦២០.០០០តោន។
លោក អារីហ្វ បានប្តេជ្ញាថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងធានានូវតម្លាភាពទាក់ទងនឹងការផ្តល់អាជ្ញាប័ណ្ណ RIPH សម្រាប់ការនាំចូលខ្ទឹមស រួមទាំងព័ត៌មានលម្អិតអំពីអ្នកនាំចូលដែលត្រូវបានដាក់ចេញដោយក្រសួងកសិកម្មផងដែរ។
លោក អារីហ្វ បាននិយាយបន្ថែមថា ក្រសួងបានចេញលិខិតអនុញ្ញាត RIPH សម្រាប់ការនាំចូលខ្ទឹមសចំនួន ១,១លានតោនក្នុងឆ្នាំនេះ ហើយបានសម្តែងទំនុកចិត្តថា ក្រសួងពាណិជ្ជកម្មនឹងរឹតបន្តឹងការនាំចូលខ្ទឹមសផងដែរ ដោយកំណត់ចំនួនលិខិតអនុញ្ញាតនាំចូល (SPIs) ដែលខ្លួនបានចេញ។
អ្នកនាំចូលនៅពេលអនាគតត្រូវតែទទួលបានទាំងលិខិតអនុញ្ញាត SPI របស់ក្រសួងពាណិជ្ជកម្ម និងលិខិតអនុញ្ញាត RIPH របស់ក្រសួងកសិកម្ម ដើម្បីទទួលបានអាជ្ញាប័ណ្ណពេញលេញ។ លោកក៏បាននិយាយដែរថា អ្នកនាំចូលដែលមានអាជ្ញាប័ណ្ណដែលមិនបាននាំចូលខ្ទឹមសក្នុងបរិមាណដែលបានអនុម័តនឹងត្រូវដាក់ទណ្ឌកម្ម៕
ប្រភព៖ AKP