អ្នកចូលរួមកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ ព្រមព្រៀងគ្នាទៅលើការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាស្ទ្រីប

0

បរទេស៖ អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក អាម៉េដ ហ្វាមី បាននិយាយនៅទូរទស្សន៍អាល់ អារ៉ាប៊ីយ៉ា ថា អ្នកចូលរួមនៃកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ បានព្រមព្រៀងគ្នាទៅលើការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។

លោក ហ្វាមី បាន​និយាយ​ថា «​កិច្ចប្រជុំ​កំពូល​ទីក្រុង​គែរ​បាន​បញ្ចប់​ដោយ​មាន​កិច្ចព្រមព្រៀង​មួយ​នៃ​ការ​ផ្តល់​ជំនួយ​ដល់​តំបន់​ហ្គាហ្សា​»។

លោកបាននិយាយបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ បទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សាស្ទ្រីប និងកម្រិតនៃការថ្កោលទោស គឺជាចំណុចនៃការខ្វែងគំនិតគ្នា ក្នុងចំណោមអ្នកចូលរួមកិច្ចប្រជុំនោះ»។

អ្នក​នាំពាក្យ​ប្រធានាធិបតី​អេហ្ស៊ីប​បាន​និយាយ​ថា «​មាន​ប្រទេសមួយចំនួន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល ចង់​បន្ទោស​ទៅលើភាគីតែ​ម្ខាង​នៃ​ជម្លោះនោះ​»។

ភាព​តានតឹង​បាន​ផ្ទុះឡើងសារ​ជាថ្មី​ម្តងទៀត​នៅ​មជ្ឈិមបូព៌ា​កាលពី​ថ្ងៃទី​៧ ខែតុលា នៅពេលដែល​ក្រុម​សកម្មប្រយុទ្ធ​មកពី​ចលនា​ប៉ាឡេស្ទីន​រ៉ាឌីកាល់​ហាម៉ាស់​បានធ្វើ​ការវាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​មួយទៅ​លើ​ទឹកដី​អ៊ីស្រាអែល​ពី​តំបន់​ហ្គាហ្សា​ស្ទ្រីប។

ក្រុមហាម៉ាស់បានពណ៌នាការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា ក្នុងទីក្រុងហ្សេរុយសាឡឹម។ ប្រទេសអ៊ីស្រាអែល​បាន​ប្រកាស​បិទ​ទាំងស្រុង​នៃ​តំបន់​ហ្គាហ្សា ហើយ​បាន​និង​កំពុង​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែតទៅ​លើ​តំបន់​ហ្កាហ្សា ព្រម​ទាំង​ស្រុក​មួយ​ចំនួន​ក្នុង​ប្រទេស​លីបង់ និង​ស៊ីរី៕

ប្រភព៖ AKP