បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ជូឡាភុន អាម៉នវិវឌ្ឍ បានប្រកាសថា គម្រោងផ្តល់ប្រាក់ចំនួន ១០.០០០បាត (២៧៤ដុល្លារអាម៉េរិក) ដល់ប្រជាជនថៃជាង ៥០លាននាក់នៅក្នុងប្រទេសតាមរយៈកម្មវិធីកាបូបប្រាក់ឌីជីថល នឹងមិនត្រូវបានចាប់ផ្តើមនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចដែលបានគ្រោងទុកនោះទេ។
លោកបាននិយាយបន្តថា គម្រោងនេះទាមទារពេលវេលាបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រព័ន្ធសុវត្ថិភាព ប៉ុន្តែក្រសួងនឹងដាក់ឱ្យដំណើរការនៅក្នុងត្រីមាសទីមួយនៃឆ្នាំក្រោយ។
កាលពីមុន នាយករដ្ឋមន្ត្រីថៃបានជ្រើសរើសថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីដាក់ចេញនូវគម្រោងដែលត្រូវបានចាត់ទុកថាជាវិធានការដើម្បីស្តារសេដ្ឋកិច្ចថៃឡើងវិញ។ ក្រោមគម្រោងនេះ ប្រាក់ឌីជីថលចំនួន ១០.០០០បាត នឹងត្រូវផ្តល់ដល់ប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៥៤៨ប៊ីលានបាត (១៥ប៊ីលានដុល្លារអាម៉េរិក)។
រដ្ឋាភិបាលថៃបាននិយាយថា ប្រាក់ឌីជីថលនោះនឹងត្រូវបានបែងចែកតាមរយៈកម្មវិធីថ្មី «super app»។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានវាយតម្លៃថា ឥទ្ធិពលមេគុណនៃការបង្កើនការចំណាយរបស់អតិថិជនអាចជួយដល់សេដ្ឋកិច្ចថៃឱ្យមានការកើនឡើងដល់ ៥% នៅឆ្នាំក្រោយ។ លោកបានបញ្ជាក់ថា ការបង្កើនប្រាក់ចំណូលពន្ធពីសកម្មភាពសេដ្ឋកិច្ចនឹងជួយមួយផ្នែកនៃគម្រោងនេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចមួយចំនួន ដែលរួមមានទាំងអតីតទេសាភិបាលពីររូបនៃធនាគារកណ្តាលថៃផងនោះ ជឿជាក់ថា គោលនយោបាយនេះបង្កហានិភ័យយ៉ាងខ្លាំងដល់សេដ្ឋកិច្ចថៃ៕
ប្រភព៖ AKP