បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក ហ្គីលបឺតតូ តេអូដូរ៉ូ បានបញ្ជាឱ្យមន្រ្តីយោធា និងនាយកដ្ឋានទាំងអស់បញ្ឈប់ការប្រើប្រាស់កម្មវិធីបញ្ញានិម្មិត្ត (AI) ដើម្បីបង្កើតរូបភាពផ្ទាល់ខ្លួនតាមប្រព័ន្ធអ៊ីនធើណេត ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។
ក្រសួងការពារជាតិហ្វីលីពីនបានបញ្ជាក់អំពីព័ត៌មាននេះកាលពីថ្ងៃទីសុក្រសប្តាហ៍មុន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀត ឬមូលហេតុដែលរដ្ឋមន្ត្រីក្រសួងការពារជាតិចេញការហាមឃាត់នេះទេ។
លោក តេអូដូរ៉ូ បានព្រមានប្រឆាំងទៅនឹងការប្រើប្រាស់កម្មវិធីឌីជីថល ដែលតម្រូវឱ្យអ្នកប្រើប្រាស់បញ្ជូនរូបភាពខ្លួនឯងយ៉ាងហោចណាស់ ១០រូប ហើយបន្ទាប់មកប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើតរូបមនុស្សឌីជីថលដែលធ្វើត្រាប់តាមរបៀបដែលមនុស្សពិតនិយាយ និងធ្វើចលនា។
យោងតាមរូបលោកបានឱ្យដឹងថា កម្មវិធីបែបនេះបង្កហានិភ័យដល់ឯកជនភាព និងសុវត្ថិភាព ដោយលោកបាននិយាយបន្ថែមថា កម្មវិធីដែលដំណើរការដោយបច្ចេកវិទ្យា AI អាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតទម្រង់ក្លែងក្លាយដែលអាចនាំឱ្យមានការលួចអត្តសញ្ញាណ និងសកម្មភាព ផ្សេងទៀត។
លោក តេអូដូរ៉ូ ក៏បានបញ្ជាឱ្យមន្រ្តីការពារជាតិ និងយោធាទាំងអស់មានការប្រុងប្រយ័ត្នក្នុងការចែករំលែកព័ត៌មានតាមប្រព័ន្ធអ៊ីនធើណេត ដោយរៀបរាប់លម្អិតថា សកម្មភាពរបស់ពួកគេគួរតែប្រកាន់ខ្ជាប់នូវតម្លៃ និងគោលនយោបាយរបស់ក្រសួងការពារជាតិហ្វីលីពីន៕
ប្រភព៖ AKP