​ ក្រុមហ៊ុនចិនចាប់អារម្មណ៍ទៅលើគម្រោងសាងសង់ស្ពានអាកាសរបស់ប្រទេសថៃ

0

បរទេស៖ ក្រុមហ៊ុនវិស្វកម្មកំពង់ផែចិន (CHEC) ចាប់អារម្មណ៍ទៅលើគម្រោងសាងសង់ស្ពានអាកាសតម្លៃ ១ទ្រីលានបាត (២៧,៤ប៊ីលានដុល្លារអាម៉េរិក) ដែលនឹងតភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រអាន់ដាំមែន។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋាភិបាលថៃ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ចៃ វ៉ាចារ៉ុនកេ បាននិយាយថា ប្រធានក្រុមហ៊ុន CHEC លោក វ៉ាង តុងហ្ស៊ូ បានបង្ហាញចំណាប់អារម្មណ៍នេះក្នុងអំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅក្នុងទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន។

លោក សេដ្ឋា ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ បានស្វាគមន៍ចំពោះការចាប់អារម្មណ៍មួយនេះ និងបានស្នើឱ្យក្រុមហ៊ុនធ្វើការពិភាក្សាអំពីសិទ្ធិផ្សព្វផ្សាយជាមួយក្រុមប្រឹក្សាវិនិយោគនៃប្រទេសថៃ។

គម្រោងដែលរំពឹងទុកសម្រាប់ខេត្តជុមផន និងខេត្តរ៉ាណុង ដែលស្នើឡើងដំបូងដោយរដ្ឋាភិបាលមុន ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងឆ្នាំ២០៣៩ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនរវាងឈូងសមុទ្រថៃ និងសមុទ្រអានដាំមែន។ នេះបើយោងតាមការឱ្យដឹងរបស់លោក ចៃ។

តាមការគ្រោងទុកនៃភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គម្រោងនេះនឹងរួមបញ្ចូលនូវកំពង់ផែទឹកជ្រៅនៅក្នុងខេត្តជុមផន និងខេត្តរ៉ាណុង ផ្លូវល្បឿនលឿនអន្តរទីក្រុង បំពង់បង្ហូរប្រេង និងផ្លូវរថភ្លើងទៅមក។

រដ្ឋាភិបាលថៃ​នឹង​ធ្វើ​ការ​បង្ហាញ​ផ្លូវ​ដើម្បី​ផ្សព្វផ្សាយ​គម្រោង​នេះ​ដល់​អ្នក​វិនិយោគ​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែមករាឆ្នាំក្រោយ។ ការ​ដកហូត​ដីតាមផ្លូវច្បាប់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​ចាប់ពី​ខែមករា ឆ្នាំ​២០២៥ ដល់​ខែធ្នូ ឆ្នាំ​២០២៦។

រដ្ឋាភិបាលនឹងទទួលសំណើវិនិយោគពីអ្នកដេញថ្លៃអន្តរជាតិចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំ២០២៥ ហើយប្រកាសអ្នកឈ្នះសម្រាប់ការដេញថ្លៃនេះនៅក្នុងខែសីហាឆ្នាំដដែល។ គម្រោងនេះត្រូវបានរំពឹងទុកថានឹងចាប់ផ្តើមការសាងសង់នៅក្នុងខែកញ្ញា ឆ្នាំ២០២៥៕

ប្រភព៖ AKP