​អាស៊ាន​ជំរុញ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​នៅ​មជ្ឈិមបូព៌ា​ជា​បន្ទាន់

0

បរទេស៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅមជ្ឈិមបូព៌ា ដើម្បីជៀសវាងការស្លាប់ និងរបួសមនុស្សបន្ថែមទៀត និងអំពាវនាវឱ្យមានការគោរពពេញលេញនៃច្បាប់មនុស្សធម៌អន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ាកាលពីពេលថ្មីៗនេះ ហើយបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហឹង្សាដែលនាំទៅដល់ការស្លាប់ និងរបួសជនស៊ីវិល រួមទាំងជនជាតិអាស៊ានផងដែរ។

បណ្តារដ្ឋមន្ត្រីទាំងនោះបានអំពាវនាវឱ្យភាគីទាំងអស់បង្កើតច្រករបៀងមនុស្សធម៌ដែលមានសុវត្ថិភាព ឆាប់រហ័ស និងគ្មានការរារាំង។

ពួកគេបានអះអាងសារជាថ្មីនូវការគាំទ្រចំពោះដំណោះស្រាយកិច្ចចរចារដ្ឋពីរ ដែលអនុញ្ញាតឱ្យទាំងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅក្បែរគ្នាក្នុងសន្តិភាព និងសន្តិសុខស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។ ពួកគេ​បាន​និយាយ​ថា នេះ​នឹង​ជា​ផ្លូវ​ដែល​អាច​សម្រេច​បាន​តែ​មួយ​គត់ ​ដើម្បី​ដោះស្រាយ​មូលហេតុ​នៃ​ជម្លោះ។

បណ្តារដ្ឋមន្ត្រីអាស៊ានបានអំពាវនាវឱ្យភាគីទាំងអស់ការពារ និងធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ជនស៊ីវិលទាំងអស់ រួមទាំងជនជាតិអាស៊ានផងដែរ ព្រមទាំងដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

ពួកគេក៏បានជំរុញដល់សហគមន៍អន្តរជាតិឱ្យគាំទ្រដល់ដំណើរការសន្តិភាព ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់៕

ប្រភព៖ AKP