​ថៃសន្យាចាត់វិធានការកាត់បន្ថយការបំពុលខ្យល់

0

បរទេស៖ មន្ត្រី​ថៃ​បាន​សន្យា​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​ការ​កើនឡើង​នៃ​ការ​បំពុល​បរិយាកាស​ដែល​កើត​មាន​ឡើង​មុន​កម្រិត​អ័ព្ទ​ធម្មតា​តាម​រដូវកាល។

ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលទីក្រុងបាងកកត្រូវបានដាក់ឈ្មោះក្នុងចំណោមទីក្រុងទាំង១០ របស់ពិភពលោកដែលមានជាតិពុលក្នុងខ្យល់ PM២,៥ កើនឡើងដល់កម្រិត ៤៨μg/m3។ នេះបើយោងតាមការចេញផ្សាយរបស់ IQAir ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់មានមូលដ្ឋាននៅប្រទេសស្វីស។

នាយកដ្ឋានគ្រប់គ្រងការបំពុល (PCD) នៃក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ បាននិយាយថា PM២,៥ បានកើនឡើងលើសពីកម្រិតសុវត្ថិភាព ៣៧,៥μg/m3 នៅក្នុងតំបន់ភាគច្រើនក្នុងទីក្រុងបាងកក ដោយចាប់ផ្តើមប៉ះពាល់ដល់សុខភាពប្រជាជន។ នាយកដ្ឋានក៏បានព្រមានផងដែរថា កម្រិតខ្ពស់នៃ PM២,៥ នឹងមានរយៈពេលរហូតដល់ថ្ងៃទី២៨ ខែតុលា នៅក្នុងរាជធានីមួយនេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលទីក្រុងបាងកក (BMA) បានណែនាំដល់ប្រជាជននៅក្នុងតំបន់ដែលមានកម្រិតបំពុលខ្ពស់ ឱ្យកាត់បន្ថយសកម្មភាពនៅខាងក្រៅផ្ទះ និងពាក់ម៉ាស់ការពារនៅពេលចាំបាច់។ អ្នកណាក៏ដោយដែលមានរោគសញ្ញាដូចជាក្អក ពិបាកដកដង្ហើម ក្រហាយភ្នែក ក្អូតចង្អោរ ឬអស់កម្លាំង គួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ខែតុលា អាជ្ញាធរថៃបានបញ្ជាក់ថា គុណភាពខ្យល់ និងសុវត្ថិភាព គឺជាអាទិភាពសំខាន់ ហើយប្រទេសថៃនឹងពង្រឹងវិធានការទប់ស្កាត់ PM២,៥ ដូចជាការរឹតបន្តឹងតំបន់ដែលមនុស្សអាចដុតបំផ្លាញដំណាំ បង្កើតបទប្បញ្ញត្តិរវាងវិស័យសាធារណៈ និងវិស័យឯកជន និងធ្វើការចរចាជាមួយឧស្សាហកម្មពាក់ព័ន្ធស្តីពីការបំពុលឆ្លងដែន៕

ប្រភព៖ AKP