កាណាដាសាកល្បងសម្រួលការចេញប័ណ្ណការងារសម្រាប់ពលរដ្ឋហ្វីលីពីន

0

បរទេស៖ ប្រទេសកាណាដាបានដាក់ដំណើរការកម្មវិធីសាកល្បងមួយកាលពីពេលថ្មីៗនេះ ដែលមានឈ្មោះថា «ហ្វីលីពីនអាចធ្វើការងារបាន» ដើម្បីសម្រួលដល់ការចេញប័ណ្ណការងារដល់ប្រជាជនហ្វីលីពីនឱ្យធ្វើការនៅក្នុងប្រទេសមួយនេះ។

កម្មវិធីនេះត្រូវបានគេរំពឹងថានឹងជួយដល់បណ្តាក្រុមហ៊ុនកាណាដាក្នុងការជួលកម្មករដែលពួកគេត្រូវការដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនតាមរយៈការិយាល័យទិដ្ឋាការនៅទីក្រុងម៉ានីល។

រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ ជនភៀសខ្លួន និងសញ្ជាតិរបស់ប្រទេសកាណាដា លោក ម៉ាក មីលល័រ បាននិយាយថា កម្មវិធីសាកល្បងនេះនឹងសម្រួលដល់ដំណើរការចេញលិខិតអនុញ្ញាតការងារសម្រាប់និយោជកកាណាដាដែលមានសិទ្ធិ។ កម្មវិធីនេះបើកចំហសម្រាប់និយោជកកាណាដាទាំងអស់ដែលជួលកម្មករប្រហែល ៥០នាក់ ឬច្រើនជាងនេះ ឬចូលរួមក្នុងការងារសំខាន់ៗនៅក្នុងវិស័យមួយចំនួន ដូចជាការថែទាំសុខភាព សំណង់ និងកសិ-អាហារជាដើម។

ប្រទេសហ្វីលីពីន គឺជាដៃគូដ៏សំខាន់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ប្រទេសកាណាដា និងជាប្រភពសំខាន់នៃអ្នកចំណូលថ្មីទៅកាន់ប្រទេសកាណាដា។

នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ប័ណ្ណការងារបណ្តោះអាសន្នរបស់កម្មវិធីពលករបរទេសចំនួន១ ក្នុងចំណោម១០ ត្រូវបានចេញឱ្យជនជាតិហ្វីលីពីន។

កាលពីខែមិថុនា ប្រទេសកាណាដាបានប្រកាសពង្រីកការចូលប្រើកម្មវិធីអនុញ្ញាតការធ្វើដំណើរតាមអេឡិចត្រូនិករបស់ខ្លួន ដើម្បីរួមបញ្ចូលប្រទេសហ្វីលីពីន ដោយផ្តល់ឱ្យប្រជាជនហ្វីលីពីនកាន់តែច្រើននូវលទ្ធភាពទទួលបានការធ្វើដំណើរដោយគ្មានទិដ្ឋាការតាមយន្តហោះ៕

ប្រភព៖ AKP