បរទេស៖ រដ្ឋាភិបាលក្រុងស៊ាងហៃបានចេញផ្សាយផែនការសកម្មភាពចុងក្រោយរបស់ខ្លួនក្នុងការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរវាងឆ្នាំ២០២៣ និងឆ្នាំ២០២៦ ជាមួយនឹងការដាក់បញ្ចូលវិស័យថាមពល និងបណ្តាញទំនាក់ទំនងល្បឿនលឿនក្នុងចំណោមអាទិភាពសំខាន់ៗ។
នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលទីក្រុងនេះបាននិយាយថា ទីក្រុងស៊ាងហៃមានស្ថានីយ៍មូលដ្ឋានប្រព័ន្ធ 5G ចំនួន ៨៨.០០០កន្លែង និងកំពុងធ្វើការងារដើម្បីបង្កើតបណ្តាញខ្សែកាបអុបទិកដែលមានសមត្ថភាពទំនាក់ទំនងលើសពី ១០ជីហ្គាបៃក្នុងមួយវិនាទី (Gbps) និងអភិវឌ្ឍន៍បច្ចេកវិទ្យា 5G-Advanced នៅត្រឹមចុងឆ្នាំ២០២៦។
រដ្ឋាភិបាលនោះបាននិយាយថា ទីក្រុងនេះត្រូវបានគេសង្ឃឹមថា ជាជុំថ្មីនៃគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធថ្មីនឹងជួយពង្រីកការវិនិយោគប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលរបស់ទីក្រុងស៊ាងហៃ។
យោងតាមផែនការសកម្មភាពនោះបានឱ្យដឹងថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ទីក្រុងស៊ាងហៃនឹងត្រូវបានអនុវត្តនៅក្នុងវិស័យសំខាន់ៗចំនួន៥ គឺបណ្តាញទំនាក់ទំនង ការដាក់បញ្ចូលថាមពល ទិន្នន័យថ្មី គម្រោង និងស្ថានីយ៍នវានុវត្តន៍។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះ លោក ហ្គូ ជុន ប្រធានគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ទីក្រុងបាននិយាយថា ផែនការសកម្មភាពថ្មីផ្តោតសំខាន់ទៅលើនិន្នាការអភិវឌ្ឍនៃវិស័យច្ចេកវិទ្យា ដូចជាការដាក់បញ្ចូលថាមពលឆ្លាតវៃ គម្រូធំៗ និងទិន្នន័យទៅតាមតំបន់ ខណៈដែលស្របតាមតម្រូវការនៃការអភិរក្សថាមពលដែលងាយស្រួលប្រើ និងកាបូនទាប។
បច្ចុប្បន្ននេះ ៣៧,២% នៃស្ថានីយ៍ទូរស័ព្ទចល័តរបស់ទីក្រុងស៊ាងហៃ គឺជាស្ថានីយ៍មូលដ្ឋានប្រព័ន្ធ 5G ហើយមានស្ថានីយ៍មូលដ្ឋានប្រព័ន្ធ 5G ចំនួន ១៣,៨កន្លែងក្នុងមួយគីឡូម៉ែត្រក្រឡានៅទូទាំងទីក្រុង ដែលស្ថានីយ៍ទាំងពីរនេះជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងប្រទេសចិន៕
ប្រភព៖ AKP