បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង។
ក្រសួងបាននិយាយថា កិច្ចប្រជុំរបស់ពួកគេមានរយៈពេលជាង ១ម៉ោង ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
លោក ឡាវរ៉ូវ បានទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង ក្នុងការតាមដានអំពីកិច្ចប្រជុំកំពូលដ៏កម្ររវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅពេលដែលប្រទេសទាំងពីរឈានទៅពង្រឹងទំនាក់ទំនងយោធា ចំពេលដែលកំពុងមានការរំពឹងទុកជុំវិញកិច្ចព្រមព្រៀងសព្វាវុធដែលត្រូវបានគេសង្ស័យ៕
ប្រភព៖ AKP