លោក បៃដិន ស្នើសុំជំនួយចំនួន ៦០ប៊ីលានដុល្លារអាម៉េរិកដល់អ៊ុយក្រែន

0

បរទេស៖ ទូរទស្សន៍ NBC News បានរាយការណ៍ដោយដកស្រង់ប្រភពរបស់ខ្លួនថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គ្រោងនឹងស្នើសុំសភាឱ្យបម្រុងថវិកាប្រមាណ ៦០ប៊ីលានដុល្លារអាម៉េរិកជាជំនួយដល់ប្រទេសអ៊ុយក្រែន។

យោងតាមប្រភពមួយចំនួនបានឱ្យដឹងថា កញ្ចប់ថវិកាចំនួន ១០០ប៊ីលានដុល្លារអាម៉េរិកសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល កោះតៃវ៉ាន់ និងការការពារព្រំដែនសហរដ្ឋអាមេរិក នឹងត្រូវផ្តល់ទៅឱ្យទីក្រុងគៀវ។ កញ្ចប់ជំនួយនេះមិនទាន់ត្រូវបានយល់ព្រមនៅឡើយទេ ប៉ុន្តែលោក បៃដិន គ្រោងនឹងប្រកាសវានៅចុងសប្តាហ៍នេះ។

ទស្សនាវដ្ដីគោលនយោបាយបរទេសបាននិយាយនៅពេលមុននេះដោយដកស្រង់សម្តីរបស់មន្ត្រីថា រដ្ឋបាលរបស់លោក បៃដិន ត្រូវបានគេរំពឹងថានឹងដាក់ជូនសភានូវសេចក្តីព្រាងច្បាប់មួយ ដែលរួមបញ្ចូលនូវជំនួយយោធាដល់អ៊ីស្រាអែល អ៊ុយក្រែន និងកោះតៃវ៉ាន់ នៅចុងសប្តាហ៍នេះ។ ច្បាប់​នេះ​ក៏​នឹង​ផ្តល់​ថវិកា​សម្រាប់​ការ​ការពារ​ព្រំដែនសហរដ្ឋ​អាមេរិក​ផង​ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកសភាអាម៉េរិកម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់ទស្សនាវដ្តីនោះថា ច្បាប់បែបនេះអាចប្រឈមមុខនឹងបញ្ហានៅសភាតំណាងរាស្រ្ត ដោយសារសមាជិកគណបក្សសាធារណរដ្ឋមួយចំនួននឹងប្រឆាំងទៅនឹងការរួមបញ្ចូលនូវជំនួយនោះ។ ខណៈដែលការគាំទ្រសម្រាប់អ៊ីស្រាអែល និងការការពារព្រំដែនមិនត្រូវបានជំទាស់ជាមួយសភាតំណាង គំនិតនៃជំនួយបន្ថែមដល់អ៊ុយក្រែន គឺមិនពេញចិត្តសម្រាប់សមាជិកសភាមួយចំនួននៃគណបក្សសាធារណរដ្ឋដែលគិតថា សហរដ្ឋអាមេរិកបានធ្វើគ្រប់គ្រាន់ហើយសម្រាប់ប្រទេសអ៊ុយក្រែន៕

ប្រភព៖ AKP