បរទេស៖ សេវាកម្មសារព័ត៌មានរបស់ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ីបាននិយាយថា ជើងហោះហើរពិសេសរបស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីដែលដឹកជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សាស្ទ្រីបបានចាកចេញទៅកាន់ប្រទេសអេហ្ស៊ីបហើយ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយធ្វើតាមការណែនាំរបស់ប្រធានាធិបតីរុស្ស៊ី និងក្នុងនាមរដ្ឋាភិបាលរុស្ស៊ី យន្តហោះរបស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីនឹងដឹកជញ្ជូនទំនិញមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប។ ជើងហោះហើរពិសេសលេខ Il-76 របស់ក្រសួងបានចាកចេញពីអាកាសយានដ្ឋានរ៉ាមេនស្កូយេក្នុងតំបន់មូស្គូទៅកាន់អាកាសយានដ្ឋានអ៊ែលអារីស»។
ជំនួយមនុស្សធម៌នោះ គឺជាគ្រឿងឧបភោគបរិភោគដែលមានចំនួន ២៧តោន ដែលរួមមានម្សៅ ស្ករ អង្ករ និងមីប៉ាស្តា។ វានឹងត្រូវបានប្រគល់ទៅឱ្យសមាគមអឌ្ឍចន្ទក្រហមរបស់អេហ្ស៊ីបសម្រាប់ការដឹកជញ្ជូនទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។
ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធមកពីក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ដែលមានមូលដ្ឋាននៅហ្គាហ្សា បានចាប់ផ្តើមការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប។ ក្រុមហាម៉ាស់បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាក់សា នៅក្នុងទីក្រុងចាស់របស់ក្រុងហ្សេរុយសាឡឹម។ ជាការឆ្លើយតប ប្រទែសអ៊ីស្រាអែលបានប្រកាសពីការបិទផ្លូវទាំងស្រុងនៃតំបន់ហ្គាហ្សាស្ទ្រីប ហើយបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ជុំវិញនោះ និងផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នានេះក៏កំពុងតែកើតមានផងដែរនៅតំបន់វេសប៊ែង៕
ប្រភព៖ AKP