បរទេស៖ លោក បេននី ហ្គែនហ្ស៍ សមាជិកគណៈរដ្ឋមន្ត្រីសង្គ្រោះបន្ទាន់ និងជាអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា វានឹងចំណាយពេលជាច្រើនខែដើម្បីកម្ចាត់ក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់។
លោកត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Times of Israel ដែលបាននិយាយថា «វានឹងចំណាយពេលយូរ។ សង្រ្គាមកើតឡើងនៅភាគខាងត្បូង ហើយប្រសិនបើចាំបាច់វាក៏នឹងកើតឡើងដែរនៅភាគខាងជើង ឬនៅកន្លែងផ្សេងៗទៀត និងប្រហែលជាត្រូវចំណាយពេលច្រើនខែ ហើយការកសាងឡើងវិញនឹងចំណាយពេលជាច្រើនឆ្នាំ»។
លោក ហ្គែនហ្ស៍ បាននិយាយថា «គោលដៅរបស់យើង គឺមិនមែនគ្រាន់តែដើម្បីកម្ចាត់ក្រុមហាម៉ាស់ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសន្យាថា ភាគខាងត្បូងនឹងក្លាយជាឋានសួគ៌ ១០០%»។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងម្តងទៀតបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស់បានជ្រៀតចូលទៅក្នុងប្រទេសអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី៧ ខែតុលា។ ចលនាប៉ាឡេស្ទីនបានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថាជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាក់សា នៅក្នុងទីក្រុងហ្សេរុយសាឡឹម។ ប្រទេសអ៊ីស្រាអែលបានប្រកាសបិទតំបន់ហ្គាហ្សាទាំងស្រុង ហើយចាប់ផ្តើមធ្វើការវាយប្រហារលើតំបន់ប៉ាឡេស្ទីន ព្រមទាំងលើតំបន់មួយចំនួនទៀតក្នុងប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏កំពុងកើតឡើងផងដែរនៅតំបន់វេសប៊ែង៕
ប្រភព៖ AKP