បរទេស៖ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបាននិយាយថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងភាពតានតឹងមួយផ្សេងទៀត បានកើនឡើងលើសពី ៣.៧០០នាក់ហើយ ជាមួយនឹងប្រជាជនជាង ១២.០០០នាក់ផ្សេងទៀតបានរងរបួស។
ក្រសួងបាននិយាយថា «ប្រជាជនសរុបចំនួន ៣.៧៨៥នាក់ត្រូវបានសម្លាប់ និង ១២.៤៩៣នាក់បានរងរបួសនៅក្នុងការបន្តឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប»។
យោងតាមក្រសួងនោះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ទាំងនោះ រួមមានកុមារជាង ១.៥០០នាក់ ស្ត្រី ១.០០០នាក់ និងមនុស្សចាស់ចំនួន ១២០នាក់។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៦៩នាក់ត្រូវបានសម្លាប់ និងជាង ១.៣០០នាក់បានរងរបួសនៅតំបន់វេសប៊ែង ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងភាពតានតឹងមក។
ស្ថានការណ៍នៅមជ្ឈិមបូព៌ាបានកើនឡើងភ្លាមៗបន្ទាប់ពីការជ្រៀតចូលប្រដាប់អាវុធរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ពីតំបន់ហ្គាហ្សាស្រ្ទីបចូលក្នុងប្រទេសអ៊ីស្រាអែល។ ចលនាហាម៉ាស់ ចាត់ទុកការវាយប្រហារនេះជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អាជ្ញាធរអ៊ីស្រាអែលចំពោះវិហារអាល់-អាក់សា នៅក្នុងក្រុងហ្សេរុយសាឡឹម។ ប្រទេសអ៊ីស្រាអែលបានប្រកាសបិទច្រកហ្គាហ្សាទាំងស្រុង ហើយបានចាប់ផ្តើមធ្វើការវាយប្រហារនៅតំបន់ព័ទ្ធជុំវិញ និងនៅតំបន់ខ្លះនៃប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏កើតឡើងផងដែរនៅតំបន់វេសប៊ែង៕
ប្រភព៖ AKP