បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រកាសអំពីផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសថៃ និងបានបង្ហាញអំពីចំណាប់អារម្មណ៍របស់ប្រទេសនេះក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ក្នុងអំឡុងពេលដែលលោកចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (BRF) នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៨ ខែតុលា។
នាយករដ្ឋមន្ត្រីថៃរូបនេះបានគូសបញ្ជាក់ថា ជាការចាំបាច់ណាស់ដែលត្រូវអនុវត្តការផ្លាស់ប្តូរបៃតងលើគ្រប់វិស័យ និងជំរុញផលិតកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព តាមរយៈសកម្មភាពសេដ្ឋកិច្ចទាំងអស់ ដែលរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។
លោកបាននិយាយថា បច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរឌីជីថល នឹងមានតម្លៃមិនអាចកាត់ថ្លៃបានចំពោះការផ្លាស់ប្តូរនេះ ប៉ុន្តែការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងការទទួលបានដោយសមធម៌ត្រូវតែត្រូវបានធានា។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រទេសថៃកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ការបំភាយឧស្ម័នផ្ទះកញ្ចក់ទាបរយៈពេលវែងរបស់ខ្លួន ខណៈដែលកំពុងរៀបចំផែនការថាមពលជាតិរបស់ខ្លួនឡើងវិញ ដើម្បីផ្លាស់ប្តូរការប្រើប្រាស់ទៅជាថាមពលស្អាត និងលើកកម្ពស់ប្រសិទ្ធភាពថាមពលផងដែរ។
លោកនាយករដ្ឋមន្រ្តី ថាវីស៊ីន បាននិយាយថា ប្រទេសថៃមានបំណងបង្កើនការផលិតយានយន្តគ្មានការបំភាយឧស្ម័នឱ្យបាន ៣០% នៅត្រឹមឆ្នាំ២០៣០ ខណៈដែលកំពុងជំរុញការវិនិយោគពីបរទេសក្នុងវិស័យយានយន្តអគ្គិសនី។ លោកបាននិយាយថា ប្រទេសរបស់លោកក៏មានគម្រោងពង្រីកកសិដ្ឋានប្រកបដោយនិរន្តរភាពផងដែរ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យសុខុមាលភាពកសិករកាន់តែប្រសើរឡើង។
លោកបាននិយាយថា លោកមានសុទិដ្ឋិនិយមថា គោលនយោបាយទាំងនេះនឹងជួយឱ្យប្រទេសថៃសម្រេចបាននូវគោលដៅជាតិរបស់ខ្លួនក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤០% នៅត្រឹមឆ្នាំ២០៣០ សម្រេចបាននូវអព្យាក្រឹតភាពកាបូននៅត្រឹមឆ្នាំ២០៥០ និងការបំភាយឧស្ម័នសុទ្ធសូន្យនៅត្រឹមឆ្នាំ២០៦៥។
លោកក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការអភិរក្សបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ដោយលោកបានគូសបញ្ជាក់ថា យន្តការផ្តល់ហិរញ្ញប្បទានដល់បរិស្ថាននឹងជាឧបករណ៍ដែលមិនអាចខ្វះបានសម្រាប់ការផ្លាស់ប្តូរបៃតង៕
ប្រភព៖ AKP