បរទេស៖ ប្រទេសឥណ្ឌូណេស៊ីចង់បង្កើតគម្រោងទៅលើប្រភពថាមពលថ្មីៗ ដូចជាថាមពលនុយក្លេអ៊ែរ អ៊ីដ្រូសែន និងអាម៉ូញាក់ ដើម្បីសម្រេចបាននូវការបំភាយសូន្យសុទ្ធ (NZE) នៅត្រឹមឆ្នាំ២០៦០ ឬឆាប់ជាងនេះ។ នេះបើយោងតាមក្រសួងថាមពល និងធនធានរ៉ែ (ESDM) របស់ប្រទេសឥណ្ឌូណេស៊ីបានចេញផ្សាយ។
លោក យូដូ ឌីវីណាន់ដា ព្រីអាឌី អគ្គនាយកនៃថាមពលកកើតឡើងវិញ និងការអភិរក្សថាមពលនៃក្រសួង ESDM បាននិយាយថា ប្រទេសនេះអាចសម្រេចបាននូវគោលដៅ NZE មុនឆ្នាំ២០៦០ ជាមួយនឹងការគាំទ្រជាអន្តរជាតិតាមរយៈការផ្ទេរ និងឧបត្ថម្ភបច្ចេកវិទ្យា។
លោក យូដូ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី ត្រូវការប្រភពថាមពលថ្មីដែលមានតម្លៃសមរម្យ ដែលអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា។
លោកបានរំពឹងទុកថា នៅត្រឹមឆ្នាំ២០៦០ ថាមពលភាគច្រើនដែលប្រើប្រាស់ក្នុងប្រទេសមួយនេះនឹងជាថាមពលពន្លឺព្រះអាទិត្យ ប៉ុន្តែវានឹងត្រូវការអាគុយដើម្បីផ្ទុកថាមពល។
ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះមានគោលបំណងកាត់បន្ថយការបញ្ចេញកាបូន ២៩% នៅត្រឹមឆ្នាំ២០៣០ និងសម្រេចបាននូវការបំភាយសូន្យសុទ្ធនៅត្រឹមឆ្នាំ២០៦០។ សម្រាប់ផ្នែករបស់ខ្លួន ក្រសួង ESDM រំពឹងថា ប្រទេសឥណ្ឌូណេស៊ីនឹងទទួលបានថាមពលពន្លឺព្រះអាទិត្យ ២,១៤ជីហ្កាវ៉ាត់ នៅត្រឹមឆ្នាំ២០៣០ ដែលក្នុងនោះកម្លាំង ០,៦៤ជីហ្កាវ៉ាត់ត្រូវប្រើប្រាស់នៅក្នុងគ្រួសារ កម្លាំង ០,៧៤ជីហ្កាវ៉ាត់សម្រាប់ប្រើប្រាស់នៅក្នុងសហគ្រាសរដ្ឋ ហើយនៅសល់គឺសម្រាប់ឧស្សាហកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសឥណ្ឌូណេស៊ីមានត្រឹមតែ ៦.៤៦១គ្រួសារប៉ុណ្ណោះដែលដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលផ្ទះ ដែលមានសមត្ថភាពកម្លាំងសរុប ៧៧,៦មេហ្កាវ៉ាត់ ដែលវាបង្ហាញពីគម្លាតដ៏ធំមួយរវាងអត្រាកំណើនបច្ចុប្បន្ន និងគោលដៅដែលចង់បាន។
លោក យូដូ បាននិយាយថា ពួកគេពិតជាយកចិត្តទុកដាក់ទៅលើការកសាងប្រព័ន្ធអេកូឡូស៊ីអាគុយ ដោយប្រទេសឥណ្ឌូណេស៊ីនៅតែត្រូវការជំរុញការពង្រីកសម្រាប់ការផលិតប្រភពថាមពល ដូចជាថាមពលកំដៅក្នុងផែនដី និងថាមពលវារីអគ្គិសនីជាដើម។
ក្រសួង ESDM ក៏បានមើលឃើញអំពីសក្តានុពលនៅក្នុងប្រភពថាមពលថ្មី ដើម្បីជួយទូទាត់ការខ្វះខាតក្នុងថាមពលកកើតឡើងវិញជាបន្តបន្ទាប់ផងដែរ។ ដូច្នេះ យោងតាមលោក យូដូ បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលរំពឹងថានឹងបំពេញតម្រូវការថាមពលក្នុងស្រុករបស់ខ្លួន៕
ប្រភព៖ AKP