កោះបាលីរបស់ឥណ្ឌូណេស៊ី ប្រកាសស្ថានភាពអាសន្នដើម្បីទប់ទល់នឹងគ្រោះអគ្គីភ័យ និងគ្រោះរាំងស្ងួត

0

បរទេស៖ អភិបាលស្តីទីកោះបាលី លោក សាង ម៉ាដេ ម៉ាហេនដ្រា ចាយ៉ា បានកំណត់ស្ថានភាពប្រកាសអាសន្ននៅលើកោះនេះសម្រាប់រយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី១៩ ខែតុលា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រោះអគ្គីភ័យ និងគ្រោះរាំងស្ងួតនាពេលថ្មីៗនេះ។

លោក ចាយ៉ា បាននិយាយថា បន្ទាប់ពីពិនិត្យមើលការអភិវឌ្ឍនៃស្ថានភាពដែលមានស្រាប់សម្រាប់កិច្ចការពារសហគមន៍ ការកែលម្អការត្រៀមខ្លួន និងការបន្ធូរបន្ថយការចូលទៅប្រើប្រាស់ រដ្ឋបាលមូលដ្ឋានបានយល់ព្រមបង្កើតស្ថានភាពប្រកាសអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែតុលា។

លោក ចាយ៉ា បានបញ្ជាក់ថា រដ្ឋបាលកោះបាលីកំពុងខិតខំពន្លឿនជំហាន ដើម្បីពន្លត់អគ្គីភ័យដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន និងបន្តចែកចាយជំនួយដល់តំបន់ដែលជួបប្រទះវិបត្តិទឹកស្អាតដោយសារគ្រោះរាំងស្ងួតផងដែរ។

ទន្ទឹមនឹងនេះដែរ នៅក្នុងកិច្ចប្រជុំសម្របសម្រួលមួយជាមួយទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយនៅកោះបាលី (BPBD) លោក ម៉ាដេ រេនទីន បានស្នើសុំឧបករណ៍បន្ថែមទៀតដែលជាតម្រូវការសម្រាប់ដោះស្រាយគ្រោះរាំងស្ងួតក្នុងអំឡុងពេលដែលមានស្ថានភាពអាសន្ននេះ។ លោកក៏បានស្នើសុំជំនួយពីទីភ្នាក់ងារ BNPB ក្នុងការអនុវត្តបច្ចេកវិទ្យាកែប្រែអាកាសធាតុ ដើម្បីផលិតភ្លៀងសិប្បនិម្មិតនៅកោះបាលីដែរ។

លោក​បានបញ្ជាក់​ថា ស្រុក​ចំនួន​៣ ក្នុង​ខេត្តកោះ​បាលី មិន​មាន​ភ្លៀង​ធ្លាក់​ជិត ១០០​ថ្ងៃ​ជាប់​គ្នាហើយ។

មន្ត្រី​រូប​នេះ​បាន​ចាត់​ទុក​ថា វា​មាន​សារៈ​សំខាន់ណាស់​ក្នុង​ការ​ដោះស្រាយ​គ្រោះ​មហន្តរាយ​ជាបន្ទាន់នៅ​កោះ​បាលី ព្រោះ​វា​ជា​ទីតាំង​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ចំនួន៕

ប្រភព៖ AKP