រុស្ស៊ី​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​បំណង​ប្រាថ្នា​របស់​កូរ៉េខាងជើង​ក្នុង​ការ​ការពារ​អធិបតេយ្យភាព

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីគាំទ្រយ៉ាងពេញទំហឹងនូវបំណងប្រាថ្នារបស់អាជ្ញាធរកូរ៉េខាងជើង ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសនោះ។

លោក ឡាវរ៉ូវ បាននិយាយក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងថា «សហព័ន្ធរុស្ស៊ីបានបង្ហាញពីសាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងប្រាថ្នារបស់ប្រទេសកូរ៉េខាងជើង ដែលដឹកនាំដោយប្រធានក្រុមប្រឹក្សារដ្ឋ លោក គីម ជុនអ៊ុន ដើម្បីការពារឯករាជ្យភាព និងសិទ្ធិរបស់ប្រជាជនក្នុងការកំណត់ជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេ»។

លោក ឡាវរ៉ូវ បាននិយាយបន្ថែមថា ទីក្រុងមូស្គូឱ្យតម្លៃទៅលើការគាំទ្ររបស់ទីក្រុងព្យុងយ៉ាង ចំពោះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសរូបនោះក៏បាននិយាយផងដែរថា ដំណើរទស្សនកិច្ចរបស់លោកជាការផ្តល់នូវ «ឱកាសដ៏ល្អ» ដើម្បីពិនិត្យមើលលម្អិតនូវកិច្ចព្រមព្រៀងចុងក្រោយបំផុតដែលសម្រេចបានដល់កម្រិតខ្ពស់បំផុតមួយ៕

ប្រភព៖ AKP