បរទេស៖ ស្ថិតិបានបង្ហាញថា ប្រទេសអ៊ីស្រាអែលមើលទៅនឹងក្លាយជាអ្នកទទួលបានជំនួយហិរញ្ញវត្ថុធំជាងគេលំដាប់ទីពីររបស់សហរដ្ឋអាមេរិក បន្ទាប់ពីបានស្នើសុំជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ ១០ប៊ីលានដុល្លារអាម៉េរិកនៅក្នុងសប្តាហ៍នេះ។
កាសែតអាម៉េរិកមួយបានដកស្រង់សម្តីមន្ត្រីដែលដឹងអំពីសំណើនេះ ដែលបាននិយាយថាកញ្ចប់ជំនួយរបស់អ៊ីស្រាអែលទទួលបានការគាំទ្រនៅក្នុងសភាអាម៉េរិក ហើយត្រូវបានគេរំពឹងថា កញ្ចប់ជំនួយនេះនឹងត្រូវបោះឆ្នោតគាំទ្រក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីដំណើរទស្សនកិច្ចសាមគ្គីភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ។
ប្រសិនបើវាត្រូវបានអនុម័ត ជំនួយដែលសហរដ្ឋអាមេរិកផ្តល់ឱ្យអ៊ីស្រាអែលក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ នឹងលើសពីការគាំទ្រផ្នែកហិរញ្ញវត្ថុដែលផ្តល់ដល់អ៊ុយក្រែនក្នុងរយៈពេលដូចគ្នា ដោយប្រទេសអ៊ីស្រាអែលនឹងក្លាយជាប្រទេសលំដាប់ទីពីរដែលទទួលជំនួយហិរញ្ញវត្ថុច្រើនជាងគេបំផុតពីសហរដ្ឋអាមេរិក បន្ទាប់ពីអាហ្វហ្គានីស្ថានក្នុងន័យជាតួលេខ។
ទិន្នន័យដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញថា ប្រទេសអ៊ីស្រាអែលបានទទួលជំនួយចំនួន ៦៣,១ប៊ីលានដុល្លារអាម៉េរិកពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៣ ដែលជាមធ្យមមានចំនួន ៣ប៊ីលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ខណៈដែលប្រទេសអ៊ុយក្រែនជាប់លេខ៥ ដែលទទួលបានជំនួយ ៣០,៤ប៊ីលានដុល្លារអាម៉េរិក ដែលភាគច្រើនត្រូវបានផ្តល់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ គិតត្រឹមចុងខែកញ្ញា ប្រទេសអាហ្វហ្គានីស្ថានបានក្លាយជាប្រទេសកំពូលដែលទទួលបានជំនួយហិរញ្ញវត្ថុជាមួយនឹងទឹកប្រាក់ចំនួន ១១១,៧ប៊ីលានដុល្លារអាម៉េរិក។
ទីក្រុងវ៉ាស៊ីនតោនបានបញ្ចេញជំនួយរាប់រយប៊ីលានដុល្លារអាម៉េរិកដល់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ ប្រទេសអ៊ីរ៉ាក់ទទួលបាន ៦៤,៤ប៊ីលានដុល្លារអាម៉េរិក ប្រទេសអេហ្ស៊ីបទទួលបាន ៣៣,៦ប៊ីលានដុល្លារអាម៉េរិក ប្រទេសហ្ស៊កដានីទទួលបាន ២៣,៥ប៊ីលានដុល្លារអាម៉េរិក ប្រទេសប៉ាគីស្ថាន និងអេត្យូពីទទួលបាន ១៧,៥ប៊ីលានដុល្លារអាម៉េរិក ប្រទេសកេនយ៉ាទទួលបាន ១៣,៣ប៊ីលានដុល្លារអាម៉េរិក និងប្រទេសកូឡុំប៊ីទទួលបាន ១២,២ប៊ីលានដុល្លារអាម៉េរិក៕
ប្រភព៖ AKP