បរទេស៖ អាជ្ញាធរថៃបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីមនុស្សចំនួន ៥នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់នៅតំបន់ភាគខាងជើងនៃប្រទេសកាលពីដើមសប្តាហ៍នេះ។
ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីដើមរដូវខ្យល់មូសុងក្នុងខែកញ្ញាមក ពលរដ្ឋថៃសរុបចំនួន ២៣នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់ និង ៣៣នាក់ផ្សេងទៀតបានរងរបួស។ ជាពិសេស គ្រោះទឹកជំនន់នៅក្នុងខេត្តផាយ៉ាវ នៅភាគខាងជើងប្រទេសថៃ ដែលបានសម្លាប់មនុស្សចំនួន ៥នាក់។
កាលពីថ្ងៃទី១៧ ខែតុលា នាយកដ្ឋានឧតុនិយមថៃ (TMD) បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់ខេត្តចំនួន៣២ ដោយតំបន់ភាគខាងត្បូងត្រូវបានរំពឹងថានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ដែលគ្របដណ្តប់លើផ្ទៃដី ៧០%។ ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានគេព្យាករណ៍នៅរាជធានីបាងកក និងកោះរមណីយដ្ឋានល្បីឈ្មោះភូកេតផងដែរ។ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះជំនន់ទឹកភ្លៀងអាចនាំឱ្យមានគ្រោះទឹកជំនន់ភ្លាមៗ។
យោងតាមនាយកដ្ឋាន TMD បានឱ្យដឹងថា សម្ពាធបរិយាកាសខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់នៅតែបន្តគ្របដណ្តប់លើតំបន់ភាគខាងជើង និងភាគឦសាននៃប្រទេសថៃ។ ទន្ទឹមនឹងនោះដែរ សម្ពាធនេះកំពុងឆ្លងកាត់តំបន់ភាគខាងត្បូងខាងលើ ឈូងសមុទ្រថៃ និងតំបន់ភាគខាងកើត ដោយចូលទៅក្នុងតំបន់ដែលមានសម្ពាធទាបនៅសមុទ្រចិនខាងត្បូង។ បាតុភូតនេះ គួបផ្សំនឹងខ្យល់មូសុងនិរតី កំពុងគ្របដណ្តប់លើសមុទ្រអាន់ដាម៉ាន់ នៅតំបន់ភាគខាងត្បូង និងឈូងសមុទ្រថៃ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង។
យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសថៃបានឱ្យដឹងថា គ្រួសារជនជាតិថៃជាង ៦២.០០០គ្រួសារត្រូវបានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅរដូវវស្សានេះ។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានចុះទៅពិនិត្យតំបន់ដែលមានគ្រោះទឹកជំនន់ជាញឹកញាប់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលអាជ្ញាធរមូលដ្ឋានធ្វើការងារដើម្បីប្រគល់ឧបករណ៍សង្គ្រោះដល់ប្រជាជនដែលត្រូវបានជម្លៀស។
ក្នុងឆ្នាំ២០១១ គ្រោះទឹកជំនន់បានសម្លាប់មនុស្សជាង ៥០០នាក់ និងបំផ្លាញផ្ទះរាប់លានខ្នងនៅទូទាំងប្រទេសថៃ៕
ប្រភព៖ AKP