កម្រិតនៃការនាំចេញរបស់ថៃនឹងត្រលប់មកវិញនៅក្នុងឆ្នាំ២០២៤ បើទោះបីជាមានហានិភ័យមួយចំនួនក៏ដោយ

0

បរទេស៖ ការនាំចេញរបស់ថៃក្នុងឆ្នាំ២០២៤ ទំនងជានឹងងើបឡើងវិញដល់កំណើន ៣,៦% ពីការធ្លាក់ចុះដែលបានព្យាករណ៍ចំនួន ២% នៅក្នុងឆ្នាំនេះ។ នេះបើយោងតាមការព្យាករលើកចុងក្រោយដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC)។

ប្រធានសាកលវិទ្យាល័យ UTCC លោក ថាណាវ៉ាត់ ផុនវីឆៃ បានសន្មតថា ការព្យាករនេះជាការបន្ធូរបន្ថយអតិផរណា និងអត្រាការប្រាក់ទាបនៅក្នុងប្រទេសផ្សេងៗ ដែលគួរតែបង្កើនតម្រូវការសម្រាប់ទំនិញ។

លោកបាននិយាយថា ទីភ្នាក់ងាររដ្ឋាភិបាលថៃក៏គ្រោងនឹងដាក់ចេញនូវគោលនយោបាយនៅក្នុងឆ្នាំក្រោយដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារផ្សេងៗ ដូចជាការប្រើប្រាស់ថាមពលទន់ ដើម្បីបន្ថែមតម្លៃដល់ការដឹកជញ្ជូន ការដោះស្រាយរបាំងពាណិជ្ជកម្មតាមព្រំដែន និងការប្រើប្រាស់កាន់តែច្រើននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។

ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​កំពុង​ងើប​ឡើង​វិញ​នៅ​ត្រី​មាស​ទី​៤ នៃ​ឆ្នាំ​នេះ ដោយ​បង្ហាញ​ពី​កំណើន​ជា​បណ្តើរៗ និង​ជាប់​លាប់។ លោកបាននិយាយបន្ថែមថា ការងើបឡើងវិញត្រូវបានគេរំពឹងថានឹងកាន់តែមានភាពច្បាស់លាស់នៅពាក់កណ្តាលឆ្នាំ២០២៤ ហើយយើងជឿជាក់ថា ការនាំចេញនឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចប្រទេសថៃនៅឆ្នាំក្រោយ។

លោក​បាន​និយាយ​ថា គម្រោង​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅ​ឆ្នាំ​ក្រោយនេះ ​គឺ​ជា​ការ​គ្រោង​ទុក​ពី​ការប្រើប្រាស់កាបូបប្រាក់​ឌីជីថល។ សាកលវិទ្យាល័យ UTCC បានរំពឹងថា សេដ្ឋកិច្ចប្រទេសថៃនឹងកើនឡើងពី ៤,៥% ទៅ ៥% ក្នុងឆ្នាំ២ឥ២៤ ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅតែមានហានិភ័យមួយចំនួនសម្រាប់វិស័យនាំចេញនៅឆ្នាំក្រោយដែរ ដោយសារលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់។

ទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានព្យាករណ៍ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៤។ មូលនិធិ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៩% នៅឆ្នាំក្រោយ ដោយធ្លាក់ចុះពី ៣% នៅក្នុងឆ្នាំនេះ ខណៈដែលអង្គការ OECD រំពឹងថានឹងមានកំណើន ២,៧% ដោយធ្លាក់ចុះពី ៣% នៅក្នុងឆ្នាំនេះ៕

ប្រភព៖ AKP