ឥណ្ឌូណេស៊ី​គ្រោង​នឹង​នាំ​ចូល​អង្ករ​ ២លាន​តោនបន្ថែមទៀត​នៅក្នុង​ឆ្នាំ២០២៤

0

បរទេស៖ យោងតាមទីភ្នាក់ងារស្ថិតិកណ្តាលរបស់ប្រទេសឥណ្ឌូណេស៊ី (BPS) បានឱ្យដឹងថា ផលិតកម្មស្រូវរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៣ នឹងកាត់បន្ថយចំនួន ៦៥០.០០០តោន ឬ ២,០៥% បើធៀបទៅនឹងឆ្នាំមុន។

ទិន្នផល​ស្រូវនៅក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​នឹង​មាន​ដល់​ទៅ ៣០,៩លាន​តោន។ ទិន្នន័យរបស់ទីភ្នាក់ងារ BPS បានបង្ហាញថា ផលិតកម្មស្រូវចាប់ពីខែតុលាដល់ខែធ្នូ ត្រូវបានគេព្យាករណ៍ថានឹងថយចុះ ១០,៩២% មកនៅត្រឹម ៤,៧៨លានតោន បើធៀបទៅនឹងការផលិតកាលពីឆ្នាំមុនដែលមានចំនួន ៥,៣៧លានតោន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៦ ខែតុលា ប្រធានស្តីទីនៃទីភ្នាក់ងារ BPS លោកស្រី អាម៉ាលីយ៉ា អាឌីនីងហ្ការ វីឌីយ៉ាសាន់ទី បាននិយាយថា ផ្ទៃដីផលិតកម្មស្រូវរបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានគេប៉ាន់ស្មានថានឹងកាត់បន្ថយចំនួន ២,៤៥% ពី ១០,៤៥លានហិកតាកាលពីឆ្នាំមុនមកនៅត្រឹម ១០,២លានហិកតានៅក្នុងឆ្នាំនេះ។

លោកស្រី អាម៉ាលីយ៉ា បាន​និយាយ​ថា តំបន់ដាំ​ស្រូវ​ដែល​បាន​កាត់​បន្ថយ​ភាគ​ច្រើន ​គឺ​នៅ​ក្នុង​ខេត្ត​ផលិត​ស្រូវ​ធំៗ​ចំនួន​៣ ​គឺខេត្តកោះជ្វាខាងលិច ខេត្តកោះជ្វាកណ្តាល និងខេត្តកោះស៊ូឡាវេស៊ីខាងត្បូង។

គ្រោះរាំងស្ងួតបានអូសបន្លាយពេល ដែលបណ្តាលឱ្យបាត់បង់ដំណាំនៅក្នុងតំបន់ទាំងនោះក្នុងប្រទេសឥណ្ឌូណេស៊ី។

លោកស្រី អាម៉ាលីយ៉ា បាននិយាយបន្ថែមថា ស្រដៀងទៅនឹងប្រទេសឥណ្ឌូណេស៊ីដែរ ប្រទេសផលិតអង្ករផ្សេងៗទៀត ដូចជាប្រទេសឥណ្ឌា ថៃ និងវៀតណាម ក៏ប្រឈមមុខនឹងការធ្លាក់ចុះនៃទិន្នផលដោយសារតែបាតុភូតអាកាសធាតុអ៊ែលនីណូ និងអាកាសធាតុស្ងួតផងដែរ។

កាលពីមុន រដ្ឋាភិបាលឥណ្ឌូណេស៊ីបានដឹកនាំទីភ្នាក់ងារភស្តុភាររដ្ឋ (Bulog) ឱ្យទិញអង្ករបន្ថែមចំនួន ២លានតោននៅឆ្នាំក្រោយ ដើម្បីធានាបាននូវទុនបម្រុងអង្ករជាតិ និងឆ្លើយតបភ្លាមៗចំពោះរដូវច្រូតកាត់ដែលអាចធ្វើទៅបានដោយសារឥទ្ធិពលពីបាតុភូតអាកាសធាតុអ៊ែលនីណូ។

បច្ចុប្បន្ននេះ ប្រទេសវៀតណាម និងថៃ នឹងក្លាយជាអ្នកផ្គត់ផ្គង់អង្ករសំខាន់ពីរសម្រាប់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងឆ្នាំនេះ៕

ប្រភព៖ AKP