ការនាំចេញបច្ចេកវិទ្យា ជួយជំរុញផលិតផលក្នុងស្រុករបស់ម៉ាឡេស៊ី

0

បរទេស៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថានឹងកើនឡើង ៤,៣% នៅក្នុងឆ្នាំ២០២៤ ដោយកើនឡើងពីកំណើន ៤% ដែលត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ២០២៣ ដែលត្រូវបានជំរុញជាចម្បងដោយតម្រូវការនាំចេញជាសកលខ្ពស់ ជាពិសេសពីវិស័យបច្ចេកវិទ្យា។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF) បានចេញផ្សាយ។

ប្រធានផ្នែកសិក្សាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់មូលនិធិ IMF លោក សាន់ណាកា ភែរីស បាននិយាយថា ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហរ ជាពិសេសក្នុងការនាំចេញផលិតផលអគ្គិសនី និងអេឡិចត្រូនិច (E&E)។ លោករំពឹងថា សេដ្ឋកិច្ចពិភពលោក និងតម្រូវការនាំចេញនឹងងើបឡើងវិញជាបណ្តើរៗ ជាពិសេសសម្រាប់វិស័យបច្ចេកវិទ្យាដែលនឹងកើនឡើងផងដែរនៅឆ្នាំក្រោយ ហើយវានឹងបន្ថែមកំណើនកាន់តែខ្ពស់។

ចំពោះអតិផរណារបស់ប្រទេសម៉ាឡេស៊ី លោកបាននិយាយថា វាបានធ្លាក់ចុះជាបណ្តើរៗ ប៉ុន្តែកំណែទម្រង់ការឧបត្ថម្ភធនដែលមាននៅក្នុងតារាងថវិកាឆ្នាំ២០២៤ នឹងបង្កជាហានិភ័យមួយចំនួនចំពោះរឿងនេះ។

លោក សាន់ណាកា បាននិយាយថា អនុសាសន៍របស់មូលនិធិ IMF សម្រាប់ប្រទេសម៉ាឡេស៊ីនៅក្នុងរបាយការណ៍ចុងក្រោយបានបង្ហាញថា គោលនយោបាយរូបិយវត្ថុគួរតែមានការរឹតបន្តឹងឱ្យបានគ្រប់គ្រាន់ដើម្បីនាំអតិផរណាឱ្យធ្លាក់ចុះដល់កម្រិតពី ២% ទៅ ៣% ក្នុងរយៈពេលមធ្យម។

លោកបាននិយាយ​បន្ត​ថា នៅ​ពេល​នេះ អត្រា​ការ​ប្រាក់​បាន​កើន​ឡើង ហើយ​អតិផរណា​បាន​និង​កំពុង​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។ ដូច្នេះ ការរក្សាជំហរតឹងរ៉ឹងនឹងជួយកាត់បន្ថយអតិផរណា៕

ប្រភព៖ AKP