បរទេស៖ កិច្ចពិភាក្សារវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើឡើងអស់រយៈពេលប្រហែល ៣ម៉ោង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសចិន។
លោក ពូទីន បាននិយាយថា «យើងបានជជែកជាមួយប្រធានាធិបតីចិនអស់រយៈពេល ៣ម៉ោង។ បញ្ហាដែលត្រូវបានពិភាក្សា រួមមានរបៀបវារៈទ្វេភាគីទាំងមូល បញ្ហាជាច្រើនទាក់ទងនឹងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ អន្តរកម្មនយោបាយ និងការងាររួមគ្នានៅលើវេទិកាអន្តរជាតិ»។
លោក ពូទីន បាននិយាយថា «យើងក៏បានពិភាក្សាគ្នាលម្អិតអំពីស្ថានភាពនៅមជ្ឈិមបូព៌ាផងដែរ។ ខ្ញុំក៏បានប្រាប់ទៅកាន់ប្រធានាធិបតីចិនអំពីស្ថានការណ៍នៅអ៊ុយក្រែនយ៉ាងលម្អិត»។
លោក ពូទីន បានសន្និដ្ឋានថា «កត្តាខាងក្រៅទាំងអស់នេះ គឺជាការគំរាមកំហែងទូទៅ ប៉ុន្តែវាបានពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី-ចិន»។
វាជាជំនួបលើកទីពីររវាងលោក ពូទីន និងលោក ស៊ី នៅក្នុងឆ្នាំនេះ។ កាលពីខែមីនា ប្រធានាធិបតីចិនបានទៅកាន់ប្រទេសរុស្ស៊ីក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ។ លោក ពូទីន ធ្លាប់បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា៕
ប្រភព៖ AKP